(ភ្នំពេញ)៖ ជាមួយនឹងការអំពាវនាវដល់អ្នកជាប់ពាក់ព័ន្ធ ដើម្បីទៅធ្វើតេស្តរកវីរុសកូវីដ-១៩ នៅថ្ងៃនេះតារាចម្រៀងប្រុសសំឡេងស្រី និងជាតារាសម្ដែង លោក រ៉េត បូរ៉ា បានប្រកាសថា ខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ ហើយកំពុងតែត្រូវបានក្រុមគ្រូពេទ្យបញ្ចូន ទៅកន្លែងសម្រាកព្យាបាល។

តារាចម្រៀងមានសំនៀងស្រដៀងនឹងកញ្ញា សុខ ពិសី លោក រ៉េត បូរ៉ា បានថ្លែងប្រាប់ Fresh News Plus នាល្ងាចនេះថា «រូបលោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១នេះ ដោយសារតែលោកបានពិនិត្យ និងប៉ះពាល់អ្នកជំងឺម្នាក់ ដែលបានមកព្យាបាលនៅកន្លែងរបស់លោក។ ជាមួយគ្នានេះ រូបលោក ក៏សូមអំពាវនាវដល់អ្នក ដែលធ្លាប់ទាក់ទងលោកដោយផ្ទាល់ និងដោយប្រយោលទាំងអស់ មេត្តាទៅពិនិត្យសុខភាព និងយកសំណាកឲ្យបានឆាប់ ហើយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលផងដែរ»។

លោកបន្តថា ដោយឡែក សម្រាប់ការឡើងច្រៀងនៅលើឆាកតន្ត្រី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ នៅក្នុងស្ថានីយ៍ទូរទស្សន៍មួយ គឺលោកសូមកុំឲ្យមានការបារម្ភ ព្រោះពេលនោះលោកមិនទាន់មានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ណាម្នាក់ ឬតេស្តវិជ្ជមានជំងឺនេះនៅឡើយ។

យ៉ាងណាមិញ បន្ទាប់ពីតារាចម្រៀង រ៉េត បូរ៉ា បានប្រកាសពីការឆ្លងជំងឺកូវីដ-១៩ នេះភ្លាម គេបានសង្កេតឃើញ អ្នកសិល្បៈ អ្នកគាំទ្រ និងមិត្តភក្តិ ក្នុងបណ្ដាញសង្គមជាច្រើន បាននាំគ្នាផ្ដល់កម្លាំងចិត្ត និងជូនពរឲ្យឆាប់ជាសះស្បើយជាហូរហែ ខណៈដែលរហូតមកដល់ពេលនេះ លោក រ៉េត បូរ៉ា ត្រូវបានក្រុមគ្រូពេទ្យជំនាញបញ្ជូនទៅកន្លែងព្យាបាល នៅឌិព្រឺមៀសែនសុខ រួចរាល់ហើយ៕