(ប៊ែកឡាំង)៖ កីឡាករលេងក្នុងតំណែងបម្រើប្រយុទ្ធ Toni Kroos បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ជាផ្លូវការហើយក្នុងវគ្គ ៣១ឆ្នាំ បន្ទាប់ពីអាល្លឺម៉ង់ហាលអាវពីវគ្គ ១៦ក្រុមចុងក្រោយនៅ Euro 2020 នេះ។

Toni Kroos ដែលកំពុងប្រកបអាជីពក្នុងក្លិប Real Madrid របស់អេស្ប៉ាញនោះ ជាសមាជិកជួយអាល្លឺម៉ង់ឈ្នះជើងឯកពាន FIFA World Cup ជាលើកទី៤ របស់ពួកគេនៅប្រទេសប្រេស៊ីលកាលឆ្នាំ២០១៤ នៅពេលដែលមិត្តរួមក្រុមកាលនោះមានដូចជា Mario Klose, Mario Gomez, Mario Gotze, Lucas Podolski និង Mesut Ozil សុទ្ធតែបានប្រកាសលាឈប់ពីជម្រើសជាតិអស់ហើយ នៅឡើយតែ Thomas Muller, Javier Hernandez និងអ្នកចាំទី Mauel Nuer តែប៉ុណ្ណោះ។

Kroos ត្រូវបានកោះហៅចូលជម្រើសជាតិអាល្លឺម៉ង់ឈុតធំកាលឆ្នាំ២០១០ ដោយគិតមកទល់នឹងពេលនេះរូបគេលេងបាន ១០៦ប្រកួត និងស៊ុតបញ្ចូលទីបាន ១៧គ្រាប់ផងដែរក្នុងរយៈពេល ១១ឆ្នាំមកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់ Kroos សុំលាឈប់ពីជម្រើសជាតិបានបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំមានគម្រោងរួចទៅហើយក្នុងការចូលនិវត្តន៍ នៅពេលបញ្ចប់ Euro 2020។ ខ្ញុំបានចូលលេងឲ្យជម្រើសជាតិ ១០៦ប្រកួតមកហើយ ដូច្នេះវានឹងមិនមានរូបខ្ញុំទៀតទេក្នុងយុទ្ធនាការ World Cup 2022 ខាងមុខ។

ខ្សែបម្រើមុខសុភាព និងលេងស្លូតៗលើទីលានផងនោះ បានបញ្ជាក់ចុងក្រោយថា រូបគេនឹងយកពេលវេលានៅសេសសល់ ផ្តោតតែការលេងក្នុងក្លិប Real Madrid ប៉ុណ្ណោះ។ អាល្លឺម៉ង់ បានបន្តជ្រុះចេញពី Euro 2020 ដ៏លឿនបំផុត ខុសពី ៥ឆ្នាំមុននៅបារាំង ពួកគេបានឡើងដល់វគ្គ ៤ក្រុមចុងក្រោយ និងធ្លាក់ត្រឹមវគ្គចែកពូលផងដែរកាល World Cup 2018 នៅប្រទេសរុស្ស៊ី៕