(អង់គ្លេស)៖ ក្លិបបាល់ទាត់ Fulham បានតែងតាំងអតីតអ្នកចាត់ការក្លិប Everton លោក Marco Silva ជាគ្រូបង្វឹកថ្មីរបស់ពួកគេ លើកិច្ចសន្យារយៈពេល ៣ឆ្នាំ ដើម្បីជំនួសតំណែងលោក Scott Parker, នេះបើតាមក្លិបលេងនៅលីគ English Championship (លំដាប់ទី២) នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក Silva វ័យ ៤៣ឆ្នាំ ធ្លាប់បានដឹកនាំក្លិប Everton ទៅកាន់ការបញ្ចប់ស្ថិតក្នុងលំដាប់ថ្នាក់ទី៨ នៅលីគ Premier League ក្នុងរដូវកាលដំបូងរបស់លោក នាឆ្នាំ២០១៨ ប៉ុន្តែត្រូវបានដកចេញពីតួនាទី ក្នុងខែធ្នូ ក្រោយបំពេញតួនាទីបានមួយឆ្នាំ បន្ទាប់ពីប្រកួតចាញ់ក្លិប Liverpool ក្នុងលទ្ធផល៥-២។
ខណៈលោក Parker បានចាកចេញពីក្លិប Fulham ក្នុងសប្តាហ៍នេះ ហើយលោកត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី របស់ក្លិប Bournemouth។
«ខ្ញុំពិតជាមានមោទនភាព ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី នៃក្លិបជាប្រវត្តិសាស្ត្រនេះ», នេះបើតាមសម្តីលោក Silva បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
លោក Silva នឹងត្រូវរួមការងារជាមួយអតីតខ្សែប្រយុទ្ធ Fulham លោក Luis Boa Morte ជាជំនួយការដែលធ្លាប់បានបង្ហាញខ្លួន ២៥០ប្រកួត ឲ្យក្លិបស្ថិតនៅភាគខាងលិចទីក្រុង London នេះ៕