(ម៉ូនិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាសូរីអ៉ីតាលី នឹងប៉ះគូប្រជែងចាស់អេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបជាបន្តទៀត នៅពេលទម្លាក់បិសាចក្រហមប៊ែលហ្សិក ដោយលទ្ធផល ២-១ នៃវគ្គ ៨ក្រុមចុងក្រោយរួចមក។
ការប្រកួតដែលត្រូវបានធ្វើឡើងនាកីឡដ្ឋាន Allianz Arena ដែលទឹកដីរបស់ក្លិបអាជីព Bayern Munich ផងនោះនារាត្រីឈានចូលថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ក្រុមទាំងពីរខាងលើនេះ ប្រើពេលតែ ៤៥នាទីប៉ុណ្ណោះដើម្បីបំប៉ោងសំណាញ់ទីគ្នា ដ្បិតវគ្គទី២ ពុំមានការស៊ុតបញ្ចូលទីថែមទៀតនោះទេ។
កីឡាករ Barella ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី៣១ មុនពេលមិត្តរួមក្រុម Insigne រកបានគ្រាប់ទី២ នៅនាទី៤៤ និងខ្សែប្រយុទ្ធជួរមុខ Romelu Lukaku រកបានតែ ១គ្រាប់ឲ្យក្រុមរបស់លោក Roberto Martinez នៅនាទី៤៥+២ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។
អ៉ីតាលី ត្រូវឡើងទៅប៉ះសត្រូវចាស់អេស្ប៉ាញ ដែលពួកគេធ្លាប់ចាញ់ ៤-០ កាលពីផ្តាច់ព្រ័ត្រ Euro 2012 គ្រាដែលអេស្ប៉ាញក៏បានទម្លាក់ស្វីស ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-១ ក្រោយពេលប្រកួត ១២០នាទីស្មើគ្នា ១-១៕