(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខគេ និងកំពុងល្បីឈ្មោះខ្លាំង Tesla បានប្រកាសបង្ហាញពីតួលេខនៃការលក់រថយន្ត នៅ ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដោយទទួលបានលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ បើទោះបីជាទីផ្សាររថយន្តបានជួបវិបត្តិកង្វះបន្ទះឈីប ក្ដី។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទីផ្សាររថយន្តសកលបានជួប វិបត្តិ កង្វះបន្ទះឈីបដែលនាំឱ្យការលក់រថយន្តជាសកលបានធ្លាក់ចុះ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Tesla វិញបានលក់គ្រប់ផែនការដែលបានកំណត់ និងលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ។
នៅក្នុងរបាយការណ៍របស់ Tesla បានបង្ហាញថានៅត្រីមាសទី២ មានរថយន្ត ២០១២៥០គ្រឿងត្រូវបានលក់ ខណៈដែលគោលដៅរបស់ ក្រុមហ៊ុនគឺឱ្យបាននៅក្នុងចំនួន ២០០០០០គ្រឿង ជាពិសេសគឺតួលេខនេះបានលើសពីការរំពឹងទុករបស់អ្នកវិភាគដែល បាន ប៉ាន់ប្រមាណថា Tesla នឹងលក់រថយន្តបានត្រឹមតែ ២០០២៥៨គ្រឿងប៉ុណ្ណោះ។
ក្រុមហ៊ុន Tesla ក៏បានរំលេចឱ្យដឹងផងដែរថា រថយន្តដែលលក់ដាច់ច្រើនជាងគេនៅក្នុងត្រីមាសទី២នេះគឺ Model 3 និង Model Y មាន ប្រមាណជា ៩៩ភាគរយនៃរថយន្តដែលបានលក់សរុប៕