(បរទេស)៖ ទីបំផុត ខ្សែភាពយន្តបែបវីរបុរស «Black Widow» ដែលទស្សនិកជននិយមតាមដានប្រភេទ Avangers រង់ចាំទស្សនានោះ បានដល់ពេលហើយ បន្ទាប់ពីបើកសម្ពោធចាក់បញ្ចាំងជាផ្លូវការ ពោលគឺនឹងត្រូវចាក់ក្នុងរោងកុននៅអាមេរិក និងលើអនឡាញចាប់ពីថ្ងៃទី០៩ ខែកក្កដា នេះតទៅ។

បើតាមការចេញផ្សាយដោយគេហទំព័រ Et Online នាពេលថ្មីៗនេះបានឲ្យដឹងថា រឿង «Black Widow» បានបើកសម្ពោធត្រៀមចាក់បញ្ចាំងជាផ្លូវការ កាលពីចុងខែមិថុនាកន្លងទីនេះ ខណៈតារាសម្តែង និងអ្នកគាំទ្រខ្សែភាពយន្តនេះជាច្រើន បានបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ក្រហម ក្នុងការជួបជុំនាពិធីបើកសម្ពោធខ្សែភាពយន្តនេះជាផ្លូវការ ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុង New York។ នៅក្នុងឱកាសនោះគេឃើញមានក្រុមអ្នកគាំទ្រជាច្រើន បានតុបតែងខ្លួនជាតួអង្គវីរៈបុរសវីរៈនារី ដែលមានក្នុងសៀវភៅត្លុក Mavels។

អ្វីដែលពិសេស គេឃើញមានតារាសម្តែង David Harbour (ដេវីត ហាប័រ) ដែលសម្ដែងជាតួ Red Guardian (រ៉េត ហ្កាឌៀន) បានចេញមកស្វាគមន៍អ្នកគាំទ្រដោយផ្ទាល់ក្នុងកម្មវិធីនេះ និងបាននិយាយថានេះជាអ្វីដែលលោកទន្ទឹងរង់ចាំជាយូរមកហើយ។ ក្រៅពីនេះគឺមានតួអង្គល្បីៗជាច្រើនទៀត ចេញមកស្វាគមន៍អ្នកគាំទហរ។

គួរបញ្ជាក់ថា ខ្សែភាពយន្ត «Black Widow» គឺរឿងមួយក្នុងចំណោមខ្សែភាពយន្តធំៗជាច្រើន ដែលត្រូវបានពន្យារពេលចាក់បញ្ចាំង តាំងពីឆ្នាំ២០២០មកម្ល៉េះ ដោយសារតែវិបត្តិរាតត្បាតសកលកូវីដ-១៩ ហើយការចាក់បញ្ចាំងនៅក្នុងខែកក្កដានេះ ត្រូវបានគេជឿជាក់ថា គឺជាក្ដីសង្ឃឹមមួយ សម្រាប់ការស្ដារចំណូលឡើងវិញក្នុងវិស័យឧស្សាហកម្មភាពយន្ត៕