(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ល្បី និងធំបំផុតនៅក្នុងពិភពលោក Amazon បានប្រកាសនឹងផ្ដល់ហ៊ុនចំនួន ៦១០០០ នៃហ៊ុនរបស់ Amazon ទាំងអស់ឱ្យទៅលោក Andy Jassy ដែលនឹងឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ជំនួសលោក Jeff Bezos ក្នុងពេលឆាប់ៗខាងមុននេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ហ៊ុនចំនួន ៦១០០០ ដែលលោក Andy Jassy មានតម្លៃសរុបប្រមាណជា ២១៤លានដុល្លារអាមេរិក ដោយនេះគិតត្រឹមតម្លៃទីផ្សារហ៊ុននៅថ្ងៃសុក្រ ម្សិលមិញ នេះ។

ចំនួនហ៊ុនដែលលោក Andy Jassy ត្រូវបានគេប៉ាន់ប្រមាណថាប្រហែលនឹង ០.០២ភាគរយនៃហ៊ុនសរុបទាំងអស់របស់ Amazon ហើយ តម្លៃហ៊ុននេះនឹងកើនតម្លៃរហូតដល់ ៣០០លានដុល្លារអាមេរិក សម្រាប់នាពេលអនាគតដ៏ខ្លី ប៉ុន្តែលោក Andy Jassy មានសិទ្ធិកាន់កាប់ហ៊ុននេះបានត្រឹមតែរយៈពេល១០ឆ្នាំប៉ុណ្ណោះ ដោយលក្ខខណ្ឌនេះត្រូវបានកំណត់ដោយ Amazon តែលោក Andy Jassy ក៏អាចបន្តធ្វើជាម្ចាស់កម្មសិទ្ធិវាបានរហូតផងដែរ បើសិនជាមានការចរចា ឬព្រមព្រៀងក្នុងលក្ខខណ្ឌថ្មីជាមួយ Amazon។

លោក Andy Jassy គឺជាបុគ្គលមួយរូបដែលជួយរុញច្រានអាជីវកម្ម Cloud ឬ AWS របស់ Amazon ឱ្យទទួលបានជោគជ័យ និង នាំមុខ Microsoft និង Google ជាពិសេសគឺលោកជាអ្នកបង្កើនប្រាក់ចំណូលដ៏ច្រើនសន្ធឹកដល់ Amazon។

គួរបញ្ជាក់ផងដែរថា លោក Jeff Bezos ស្ថាបនិក Amazon បានប្រកាសថាលោកនឹងលាលែងពីតំណែងនៅក្នុងពេលឆាប់ៗនេះ ដោយ តែងតាំងលោក Andy Jassy ជានាយកប្រតិបត្តិជំនួសរូបលោក ខណៈដែលវេលាជាក់លាក់នៃការផ្លាស់ប្ដូរតំណែងមួយនេះ នៅ មិនទាន់ ដឹងនោះទេ៕