(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសលើកការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៦ នៅរសៀលថ្ងៃទី០៣ ខែកក្កដានេះ ១គូហើយ គឺជំនួបរវាងក្រុមសូលទីឡូអង្គរ និងក្រុមនគរបាលជាតិ បន្ទាប់ពីរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩ លើកីឡាករម្នាក់របស់ក្លិបសូលទីឡូអង្គរ។

ស្ថាប័នទទួលបន្ទុករៀបចំលីគ និងពានសម្ដេចតេជោ ហ៊ុន សែន ខាងលើបានប្រកាសនៅព្រឹកនេះថា «សូលទីឡូអង្គរ ប៉ះនគរបាលជាតិ ត្រូវលើកការប្រកួត ដោយមូលហេតុរកឃើញនូវករណីសង្ស័យវិជ្ជមាននៃជំងឺកូវីដ-១៩ លើកីឡាករ ១រូប របស់ក្លិបបាល់ទាត់សូលទីឡូអង្គរ។ កាលបរិច្ឆេទថ្មីនឹងជម្រាបនៅពេលក្រោយ...»

គួរដឹងថា នេះគឺជាគោលការណ៍មួយរបស់ CNCC ក្នុងការសម្រេចចិត្តលើកពេលការប្រកួតណាមួយ បន្ទាប់ពីរកឃើញករណីសង្ស័យវិជ្ជមានកូវីដ-១៩ លើមន្ដ្រីពាក់ព័ន្ធ និងកីឡាករ ដ្បិតរាល់ការប្រកួតនីមួយៗ សុទ្ធតែតម្រូវឲ្យធ្វើតេស្ដយ៉ាងយូរ ៧២ម៉ោង និងយ៉ាងតិច ៤៨ម៉ោង មុនថ្ងៃប្រកួត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ។

ដូច្នេះការប្រកួតសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជានៅថ្ងៃសៅរ៍នេះ គឺសល់តែ ២គូប៉ុណ្ណោះ គឺក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ នៅកីឡដ្ឋានព្រីនស៍ និងក្រុមការពារតំណែងជើងឯកបឹងកេត ជួបក្រុមម្ចាស់ផ្ទះខេត្តព្រៃវែងនាវេលាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា។ រីឯថ្ងៃអាទិត្យស្អែកមាន ១គូ គឺជំនួបវាងអគ្គិសនីកម្ពុជាទល់នឹងភ្ញៀវអាស៊ីអឺរ៉ុប នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕