(ភ្នំពេញ)៖ តារាសម្តែងល្បីឈ្មោះមួយរូប ក្នុងវិស័យភាពយន្ត ដែលមហាជននិយមឃើញវត្តមានក្នុងការសម្តែងភាពយន្តជីវិតរបស់ផលិតកម្ម Sastra Film គឺកញ្ញា រចនា រ៉ាវាឌី បានបញ្ជាក់ថា រកឃើញវិជ្ជមានកូវីដ-១៩ ដោយនាងឆ្លងពីតារាសម្ដែងលោក ព្រីន ក្រោយសម្ដែងភាពយន្តជាមួយគ្នា ខណៈបច្ចុប្បន្នកំពុងទទួលការព្យាបាលទាំងពីរនាក់។

មិត្តភក្តិតារាសម្តែងស្រីរាងខ្ពស់ស្រឡះកំពុងត្រូវប៉ាន់ខ្លាំង ក្នុងការថតភាពយន្តរូបនេះ បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ថា តារាសម្ដែង រចនា រ៉ាវាឌី ពិតជាបានធ្វើតេសវិជ្ជមានកូវីដ-១៩ ពិតមែន នៅថ្ងៃនេះ ហើយរូបនាងត្រូវបានក្រុមគ្រូពេទ្យយកទៅកន្លែងព្យាបាល!

ប្រភពដដែលបន្តថា បានបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩ បន្ទាប់ពីដៃគូសម្តែងរបស់នាង គឺលោក ព្រីន រកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដែលបច្ចុប្បន្នតារាប្រុសស្រីទាំងពីរ កំពុងតែទទួលការព្យាបាលជំងឺកូវីដ-១៩ ផងដែរ។

គួរជម្រាបថា កញ្ញា រចនា រ៉ាវាឌី ជាតារាសម្តែងស្រីមួយដួង ដែលបានកំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ដោយនាងបានក្តោបក្តាប់តំណែងជាតួឯកស្រីក្នុងរឿងរបស់ ផលិតកម្ម Sastra Film ជាបន្តបន្ទាប់។ តារារូបនេះទើបនឹងរះ តែពោរពេញទៅដោយទេពកោសល្យខាងសម្តែង ស្របពេលរូបរាង មុខមាត់ និងពណ៌សម្បុរ ស្រស់ស្អាតទៀតនោះ កាន់តែធ្វើឲ្យនាងទទួលបានការពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន៕