(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៉ី ស៉ីមេន (CMIC) ដែលជាក្រុមហ៊ុនផលិតស៉ីម៉ងត៍ឈានមុខគេមួយនៅកម្ពុជា បានណែនាំផលិតផល Camel Opti-Flow របស់ខ្លួនដែលជាផលិតផលថ្មីកាន់តែប្រសើរ នាពិធីបើកសម្ពោធផលិតផលតាមប្រព័ន្ធអនឡាញលើកដំបូងរយៈពេល ២ ថ្ងៃ ហើយក្រុមហ៊ុនពិតជាមានមោទនភាព ដែលខ្លួនអាចបង្កើតផលិតផលថ្មីនេះចេញជារូបរាងឡើងដែលបំពេញទៅតាមតម្រូវការរបស់អតិថិជន។

ព្រឹត្តិការណ៍សម្ពោធផលិតផលតាមប្រព័ន្ធអនឡាញនេះដែរ ត្រូវបានបើកដោយលោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន គឺ អ្នកឧកញ៉ា លាង ម៉េង និង លោក Nicholas George ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដោយលោកទាំងពីរបានមានវត្តមានបើកពិធីនេះ តាមប្រព័ន្ធអនឡាញ ដោយអនុលោមយ៉ាងត្រឹមត្រូវទៅតាមវិធានការបង្ការ និងការពារជំងឺកូវីដ-១៩។

តាមរយៈកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញចំនួនពីរម៉ោងនេះ អ្នកចូលរួមពិធីនេះទទួលបាននូវការស្វែងយល់សេចក្ដីលម្អិតនៅពីក្រោយបច្ចេកវិទ្យាផលិតស៉ីម៉ងត៍ ដែលពោរពេញដោយគំនិតច្នៃប្រឌិតថ្មីពិសេស ដែលនាំទៅរកការអភិវឌ្ឍឡើងនូវផលិតផល Camel Opti-Flow តាមរយៈការធ្វើបទបង្ហាញដែលដឹកនាំដោយ លោក Graeme Bride នាយករោងចក្រ ស៉ីម៉ងត៍ ហើយអ្នកចូលរួមក៏ត្រូវបានស្វែងយល់បន្ថែម បច្ចេកវិទ្យាពីក្រោយផលិតផលស៉ីម៉ងត៍លាយស្រាប់ ដែលត្រូវបានធ្វើបទបង្ហាញជូនដោយបណ្ឌិត Moussa Baalbaki ដែលជាប្រធានផ្នែកសម្ព័ន្ធផលិតផល និងដំណោះស្រាយនៃ Insee Group។ ដោយផលិតឡើង អនុលោមតាមស្តង់ដារផលិតកម្ម ASTM C1157/C1157-11 សម្រាប់ស៉ីម៉ងត៍ Portland Composite Cement និង TIS 2594-2556 Portland Composite Cement។

លោក វ៉ា កក្កដា អ្នកជំនាញផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន បានពន្យល់ថា ផលិតផលថ្មីនេះត្រូវបានអភិវឌ្ឍឡើងដោយបំពេញ ទៅតាមតម្រូវការរបស់អតិថិជន។ លោក វ៉ា កក្កដា បាននិយាយថា៖ «យើងស្ដាប់ និងទទួលយកយោបល់កែលម្អដែលអតិថិជនបានផ្ដល់ឲ្យ ហើយយើងអាចនិយាយដោយមោទនភាពបានថាផលិតផល Camel Opti-Flow នេះផ្ដល់ជូននូវឧត្ដមប្រយោជន៍ចំនួន ៣ ធំៗ៖ គឺ (១) វាមានភាពងាយស្រួលធ្វើការបំផុត (២) មានការសន្សំសំចៃបំផុត និង (៣) ផ្តល់កំលាំងបេតុងដែលខ្លាំងបំផុតនៅលើទីផ្សារ»។ លោកបានបន្ថែមទៀតថា ផលិតផលថ្មីនេះគឺអាចផ្គត់ផ្គង់ជូន ក្រុមហ៊ុនបេតុងលាយស្រេច ឬ រោងចក្រផលិតគ្រឿងបង្គុំរួចជាស្រេចធ្វើពីបេតុង ឬរាល់ផលិតផលធ្វើពីបេតុងផ្សេងៗ CPM។

លោក Nicholas George បានថ្លែងក្នុងពិធីនេះយ៉ាងដូច្នេះថា៖ «បេសកកម្មរបស់ក្រុមហ៊ុន គឺយើងប្ដេជ្ញាផ្ដល់តែផលិតផល ដែលមានគុណភាពខ្ពស់បំផុតជានិច្ចជូនអតិថិជនរបស់យើងនៅក្នុងតំបន់ ដោយយើងមានរោងចក្រដែលមានសមត្ថភាពផលិតស៉ីម៉ងត៍ប្រចាំថ្ងៃ បានលើសពី ៥.៥០០ តោន ដើម្បីបំពេញតម្រូវការទីផ្សារ»

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៉ី ស៉ីមេន បានចាប់ផ្តើមនៅឆ្នាំ ២០១៥ ជាក្រុមហ៊ុនដែលចូលរួមភាគហ៊ុនរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប និង ក្រុមហ៊ុន ស្យាម ស៉ីតធី ស៉ីមេន មកពីប្រទេសថៃ។ ក្រុមហ៊ុនបានសាងសង់រោងចក្រ ស៉ីម៉ងត៍ដ៏ទំនើប ហើយរោងចក្រនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិ ៣១ ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ប្រទេសកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ២១៦ ៣៨០