(រ៉ូម)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀតនៃពានរង្វាន់អឺរ៉ុប UEFA European Championship 2020 នៅពេលបំបាក់គូប្រជែងអ៊ុយក្រែនក្នុងលទ្ធផល ៤-០ នៃវគ្គ ៨ក្រុមចុងក្រោយ។

ការប្រកួតត្រូវបានធ្វើឡើងនៅទឹកដីនៃកីឡដ្ឋាន Estadio Olimpico ដែលស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលីនោះសម្រាប់ ១ប្រកួតកូនពៅពីក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រ។

ប្រធានក្រុម និងលេងតំណែងប្រយុទ្ធផងនោះ Harry Kane រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៤ និងនាទី៥០ គ្រាដែលខ្សែការពារ Harry Maguire និង Jordan Hederson ក៏រួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នាផងដែរនៅនាទីរៀងគ្នា ៤៦ និងនាទី៦៣ ដើម្បីឡើងទៅប៉ះដាណឺម៉ាកជាបន្តទៀតក្នុងវគ្គ ៤ក្រុមចុងក្រោយ ដែលបានយកឈ្នះគូប្រជែងសាធារណរដ្ឋឆេក ២-១ នៅរាត្រីថ្ងៃជាមួយគ្នាដែរ។

ដូច្នេះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានរកឃើញអស់ហើយសម្រាប់ Euro 2020 លើកទី១៦ នេះនៅពេលដែលអ៉ីតាលី ប៉ះអេស្ប៉ាញ ធ្វើឡើងនាថ្ងៃទី០៧ និងអង់គ្លេស ប៉ះដាណឺម៉ាក នឹងធ្វើឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ៕