(ញូដេលី)៖ កំពូលតារាសម្ដែង Bollywood របស់ឥណ្ឌា លោក Aamir Khan និងភរិយាដែលជាអ្នកដឹកនាំ និងផលិតខ្សែភាពយន្ដ លោកស្រី Kiran Rao បានប្រកាសចែកផ្លូវគ្នាហើយ បន្ទាប់ពីបានរួមរស់នៅជាប្ដីប្រពន្ធអស់រយៈពេល១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី០៣ ខែកក្កដាកន្លងទៅ លោក Aamir Khan និងលោកស្រី Kiran Rao បានបញ្ជាក់ថាអ្នកទាំង២ នឹងបន្តចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសជាមួយគ្នា ហើយនឹងបន្តធ្វើការលើគម្រោងនានាដែលកំពុងសហការគ្នា។

លោក Aamir Khan និងលោកស្រី Kiran Rao មិនបានបញ្ជាក់ពីហេតុផលនៃការលែងលះគ្នាឡើយ ដោយគ្រាន់តែសង្កត់ធ្ងន់អ្នកទាំង២ ចង់ចាប់ផ្ដើមជីវិតថ្មីដោយមិនមែនជាប្ដីប្រពន្ធនឹងគ្នា ប៉ុន្តែក្នុងនាមជាឪពុកម្ដាយ។

គួរបញ្ជាក់ថា លោក Aamir Khan មានអាយុ ៥៦ឆ្នាំ និងលោកស្រី Kiran Rao មានអាយុ ៤៧ឆ្នាំ បានជួបគ្នាដំបូងកាលពីឆ្នាំ២០០១ ហើយអ្នកទាំងពីរបានរៀបការជាមួយគ្នានៅខែធ្នូ ឆ្នាំ២០០៥៕