(ភ្នំពេញ)៖ ជាទូទៅ រាល់សកម្មភាពដែលបានធ្វើឡើងដោយអនីតិជន ដោយមិនមានការអនុញ្ញាតពីសំណាក់អ្នកដែលមានអំណាចមេបា ឬ អ្នកអាណាព្យាបាល ជាគោលការណ៍ គឺអាចលុបចោលបាន លុះត្រាតែជននោះបានដល់នីតិភាព។ ថ្វីត្បិតតែ នីតិភាព គឺត្រូវបានកំណត់ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ក៏ប៉ុន្តែមានករណីមួយដែលអាចទទួលស្គាល់អំពីការដល់នីតិភាពមុនអាយុកំណត់បាន ដោយនៅក្នុងករណីដែលអនីតិជនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ហើយត្រូវបានតុលាការប្រកាសផ្ដល់ឱ្យរួចផុតពីឋានៈជាអនីតិជន ដែលករណីនេះហៅថា ‹‹អត្តាធីនភាព››

តើអ្វីទៅជាអត្តាធីនភាព? តើអត្តាធីនភាពមានអានុភាពយ៉ាងណា? ដើម្បីឱ្យអនីតិជនអាចទទួលបាននូវអត្តាធីនភាពបានដោយស្របច្បាប់ តើត្រូវបំពេញល័ក្ខខ័ណ្ឌអ្វីខ្លះ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី ‹‹អត្តាធីនភាព›› មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

១៖ និយមន័យនៃអត្តាធីនភាព
យោងតាមសន្ទានុក្រមផ្នែករដ្ឋប្បវេណី ‹‹អត្តាធីនភាព›› គឺជាស្ថានភាពមួយ ដែលផ្ដល់ឱ្យអនីតិជនបានរួចផុតពីរបបអាណាព្យាបាលសម្រាប់អនីតិជន ឬ រួចផុតពីអំណាចមេបា ហើយមានសមត្ថភាពដូចនីតិជនដែរ។

២៖ អានុភាពនៃអត្តាធីនភាព
អត្តាធីនភាព គឺមានអានុភាពអាចធ្វើឱ្យច្បាប់ចាត់ទុកថាអនីតិជននោះបានដល់នីតិភាពហើយ (ក្លាយជាជនដែលមានសិទ្ធិដូចនីតិជនដែលមានអាយុគ្រប់ ១៨ ឆ្នាំ ផងដែរ) និងអាចធ្វើសកម្មភាពបានដូចជានីតិជនដែរ។ ដោយសារតែអានុភាពនេះ អនីតិជននោះអាចធ្វើសកម្មភាពពាណិជ្ជកម្ម ដូចជាការបើកអាជីវកម្មផ្ទាល់ខ្លួនដោយមិនចាំបាច់មានការអនុញ្ញាតពីម្ដាយឪពុក (អ្នកដែលមានអំណាចមេបា) ឬ អ្នកអាណាព្យាបាលសម្រាប់អនីតិជន។ អនីតិជន ព្រមទាំងអាចធ្វើសកម្មភាពកិច្ចសន្យា ដោយអាចបង្កើត កែប្រែ និងរំលត់កាតព្វកិច្ចបាន និង អាចធ្វើនូវសកម្មភាពឯកតោភាគីបានថែមទៀត។ លើសពីនេះទៀត អនីតិជនអាចទទួលបាននូវបុគ្គលភាពគតិយុត្ត (ភាពជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច) យ៉ាងពេញលេញទៀតផង។

៣៖ ល័ក្ខខ័ណ្ឌនៃអត្តាធីនភាព

យោងតាមមាត្រា ២១ (ល័ក្ខខ័ណ្ឌនៃអត្តាធីនភាព) ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពីល័ក្ខខ័ណ្ឌដែលអនីតិជនអាចទទួលបាននូវអត្តាធីនភាព ដូចតទៅ៖

* ក្នុងករណីដែលអនីតិជនដែលបានដល់អាយុចាប់ពី ១៦ (ដប់ប្រាំមួយ) ឆ្នាំ ឡើងទៅ ហើយអាចទ្រទ្រង់ជីវភាពខ្លួនឯងដោយឯករាជ្យ មិនចាំបាច់ពឹងពាក់នរណា តុលាការអាចប្រកាសនូវអត្តាធីនភាពបាន តាមពាក្យសុំរបស់អនីតិជននោះ ប្រសិនបើតុលាការយល់ឃើញថា អត្តាធីនភាពស្របនឹងផលប្រយោជន៍របស់អនីតិជន។ ក្នុង ករណីនេះ តុលាការត្រូវសួរយោបល់ពីអ្នកមានអំណាចមេបាផងដែរ។

* ផ្សេងពីល័ក្ខខ័ណ្ឌខាងលើ ប្រសិនបើអនីតិជននោះបានរៀបអាពាហ៍ពិពាហ៍ហើយ អនីតិជនក៏អាចទទួលបាននូវអត្តាធីនភាព ដោយមិនចាំបាច់មានការប្រកាសពីតុលាការឡើយ (ក្នុងករណីនេះ ទោះបីភាគីនៃចំណងអាពាហ៍ពិពាហ៍បានលែងលះគ្នាហើយក៏ដោយ ក៏អានុភាពនៃអត្តាធីភាព មិនត្រូវរលត់ឡើយ)។

តាមល័ក្ខខ័ណ្ឌខាងលើនេះ បានសេចក្ដីថា ប្រសិនបើអនីតិជនណាក៏ដោយដែលមានអាយុដល់ ១៦ (ដប់ប្រាំមួយ) ឆ្នាំឡើងទៅ និងអាចរ៉ាប់រង ទ្រទ្រង់ជីវភាព និងផ្គត់ផ្គង់តម្រូវការក្នុងជីវភាពបានដោយខ្លួនឯង ហើយមិនស្ថិតនៅក្រោមអំណាចមេបា ឬ របបអាណាព្យាបាល អនីតិជននោះ នឹងក្លាយជាបុគ្គលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យតុលាការដែលមានសមត្ថកិច្ច អាចធ្វើការវិនិច្ឆ័យក្នុងការប្រកាសនូវអត្តាធីនភាព ឱ្យបុគ្គលនោះបានដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បុគ្គលនោះទេ ព្រោះអនីតិជននោះមានសមត្ថភាពគ្រប់គ្រាន់ស្មើនឹងនីតិជនហើយ ដែលអាចធ្វើសកម្មភាពដោយមិនរងនូវការកម្រិតសមត្ថភាពដែលបានកំណត់ក្នុងក្រមរដ្ឋប្បវេណី។ រីឯអនីតិជន ដែលបានរៀបអាពាហ៍ពិពាហ៍ហើយវិញ ក៏ដូចគ្នាដែរ គឺនឹងទទួលបាននូវអត្តាធីនភាព ធ្វើឱ្យជននោះបានដល់នីតិភាពដែលពោរពេញដោយសិទ្ធិ និងកាតព្វកិច្ចតាមផ្លូវច្បាប់ ដោយមិនមានការកម្រិតសមត្ថភាពខុសពីនីតិជនឡើយ។

សរុបមក អត្តាធីនភាព គឺពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះអនីតិជន ដែលមានបំណងចង់មានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការធ្វើសកម្មភាពបានដូចនីតិជន ដោយអត្តាធីនភាពនោះមានអានុភាពអាចធ្វើឱ្យអនីតិជនបានដល់នីតិភាព ដែលអាចធ្វើសកម្មភាពពាណិជ្ជកម្ម ធ្វើសកម្មភាពដែលទាក់ទងទៅនឹងការទទួលយកនូវសិទ្ធិ និងកាតព្វកិច្ច អាចមានជីវិតដែលឯករាជ្យ ហើយអាចរស់នៅដោយពឹងពាក់លើខ្លួនឯងទាំងស្រុង និងអាចរួចផុតពីអំណាចមេបា ឬ អ្នកអាណាព្យាបាលទៀតផង។ ប៉ុន្តែ មុននឹងតុលាការសម្រេចប្រកាសនូវអត្តាធីនភាពដល់អនីតិជនណាម្នាក់នោះ តុលាការគប្បីធ្វើការវិនិច្ឆ័យ និងពិចារណាយ៉ាងលម្អិត ហើយត្រូវឆ្លងកាត់ការសួរយោបល់អ្នកដែលមានអំណាចមេបា ឬ អ្នកអាណាព្យាបាលជាមុនសិន ដើម្បីចៀសវាងការខូចខាតប្រយោជន៍របស់អនីតិជននោះ ឬ ប្រយោជន៍របស់ភាគីនៃចំណងគតិយុត្តម្ខាងទៀតនៃទំនាក់ទំនងសកម្មភាពរបស់អនីតិជននោះ។

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក សូត្រ សុវណ្ណរាជ្យ ជាជំនួយការផ្នែកសេវាកម្មច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តការអន្តរជាតិ / Cambodia International Cooperation Law Group ៕