(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) និងសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិកបានអភិវឌ្ឍម៉ាសថ្មីមួយប្រភេទដែល បំពាក់បច្ចេកវិទ្យាដ៏ទំនើបមានសមត្ថភាពធ្វើរោគវិនិច្ឆ័យ ឬតេស្ដរកវីរុស COVID-19 លើអ្នកប្រើប្រាស់ ដោយវាមានសមត្ថភាពតេស្ដដូចគ្នាទៅនឹង PCR tests ដែរ។ នេះបើតាមការ ដកស្រង់ចេញផ្សាយពីគេហទំព័រ weforum នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។

ម៉ាសថ្មីខាងលើដែលបំពាក់ដោយ sensors ត្រូវបានរចនាឡើងផ្អែកលើបច្ចេកវិទ្យាដែលគេបានចាប់ផ្ដើមអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។ ពោលគឺម៉ាសនេះអភិវឌ្ឍឡើង តាមបច្ចេកវិទ្យាបំពាក់ sensors និងបច្ចេកវិទ្យាសម្ងួតកោសិកាដែលធ្លាប់ត្រូវបានគេប្រើប្រាស់នៅលើ «ក្រដាសធ្វើរោគវិនិច្ឆ័យរកវីរុស Ebola និងវីរុស Zika»

ម៉ាសនេះមិនត្រឹមតែអាចពារពីការឆ្លង COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចតេស្ដជំងឺឆ្លងមួយ ហើយចេញលទ្ធផលក្នុងរយៈពេល៩០នាទី។ ក្រុមអ្នកស្រាវជ្រាវ បានបង្កប់ sensors នៅក្នុងសាច់ម៉ាស ដូច្នេះវាអាចធ្វើរោគវិនិច្ឆ័យ និងវិភាគលើភាគល្អិតតូចៗ ឬតំណក់ទឹកនៅក្នុងខ្យល់ដកដង្ហើមរបស់អ្នកពាក់ម៉ាសនេះ។ លើសពីនេះទៅទៀត ម៉ាសដ៏ទំនើបនេះក៏ មានបំពាក់កន្លែងស្ដុកទឹកដ៏តូចមួយផងដែរ ហើយទឹកទាំងនេះនឹងត្រូវបានបញ្ចេញ នៅពេលអ្នកប្រើប្រាស់ចុចលើប៊ូតង់ដើម្បីធ្វើតេស្ដ។ តែយ៉ាងណាក៏ដោយ តម្លៃ ឬក៏ការដាក់លក់ នៅលើទីផ្សារមិនទាន់ត្រូវបានបញ្ជាក់នោះទេ៕