(ភ្នំពេញ)៖ ចេតិយក្នុងព្រះពុទ្ធសានា គឺជាសាសនវត្ថុមរតកនៃបណ្ដាប្រទេសនានាកាន់ព្រះពុទ្ធសាសនា ក្នុងនោះមានកម្ពុជាផងដែរ។ ចេតិយមានសារ:សំខាន់ណាស់ ពីព្រោះជាទីគោរពសក្ការបូជាមួយក្នុងចំណោមទីសក្ការបូជានានា ដែលមានប្រជាប្រិយភាព និងជាទីតំណាងព្រះពុទ្ធ។ តើចេតិយ ក្នុងព្រះពុទ្ធសាសនាមានតួនាទីយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយអំពីចេតិយក្នុងព្រះពុទ្ធសាសនាដែលខេមរជនម្នាក់ៗស្គាល់ និងលើកតម្កើងគ្រប់ៗគ្នា យ៉ាងប្រពៃថ្លៃថ្លានេះ គឺមានតួនាទីសំខាន់ណាស់ ពីព្រោះជានិមិត្ដរូបនៃភាពស្ងប់ស្ងាត់ ភាពរីកចម្រើន និងជានិមិត្ដរូបតំណាងឲ្យព្រះពុទ្ធសាសនា។ ជាក់ស្ដែង ដូចយើងឃើញតំណាងវត្ដមានពិតៗ ព្រះសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ ជាទីឋានតម្កល់ព្រះសារិករិកធាតុ នៃព្រះសមណគោតមនៃយើងជាភស្ដុតាង។

បើដូចនេះចំពោះចេតិយ ពុំមែនគ្រាន់តែជាទីឋានគោរពសក្ការបូជាដ៏សក្ដិសិទ្ធិប៉ុណ្ណោះទេ តែក៏ជាទីឋានគោរពសក្ការបូជាប្រតិស្ឋាន តំណាងឲ្យព្រះពុទ្ធផ្ទាល់ និងធម៌របស់ព្រះពុទ្ធសម្រាប់ពុទ្ធសាសនិកគ្រប់រូបគោរពបូជាផងដែរ។ មួយវិញទៀត ចេតិយក៏ជាទីឋានដែលមានឥទ្ធិពល ដល់ការធ្វើធម្មយាត្រាផងដែរ។

បើនិយាយ អំពីប្រព័ន្ធជំនឿវិញ ជាតំណាងសច្ច:ភាពដ៏ឧត្ដុង្គឧត្ដមរបស់ព្រះពុទ្ធ គឺមិនខុសពីអង្គខ្លួនមនុស្សយើង ហើយហ៊ុមពទ្ធ័ដោយចក្រវាទ្ប ឬលោកធាតុនោះទេ ពីព្រោះមានកំពូល ដងខ្លួនតាមសណ្នានផ្សេងៗ ដោយតុបតែងរចនាទៅតាមប្រភេទ សម្រាប់បញ្ចុះធាតុអ្នកស្លាប់ ឬតម្កល់វត្ថុសក្ការ:បូជា។

បានសេចក្ដីថា ចេតិយមានតួនាទី និងអត្ថន័យមិនខុសពីប្រាង្គប្រាសាទបុរាណ ក្នុងទស្សន:បង្រួមលោកធាតុនោះទេ គឺគេចាត់ទុកដូចជាភ្នំព្រះសុមេរុ ដែលជាទីឋានទេពនៅកណ្ដាលចក្រវាទ្ប ឬលោកធាតុ ជានិមិត្ដរូបនៃការបង្រួបលោកធាតុ សម្រាប់ឧទ្ទិសឲ្យអ្នកស្លាប់ ដើម្បីបញ្ចុះធាតុបានទៅដល់ សុគតិភព ពីព្រោះកំពូលស្រួចទៅលើវេហា គឺជាទីឋានទេវៈ ឬទេវលោកទៅលើជំនឿសាសនានេះឯង។

បើដូច្នេះចំពោះសំណង់ចេតិយក្នុងព្រះពុទ្ធសាសនាថេរវាទដូចយើងឃើញសព្វថ្ងៃនេះ មានសាវតារប្រហែលស.វ.ទី១៥ តរៀងមក និងមានរាងប្លែកៗច្រើនយ៉ាងតាមកាលវេលា និងមួយចំនួនទៀតយើងមិនដឹង ពីកាលបរិច្ឆទច្បាស់លាស់នោះផងដែរ។ ម្យ៉ាងទៀត ចំពោះចេតិយចាស់ៗនាសម័យបុរាណនេះទៀតសោត ត្រូវបានបំផ្លាញដោយសារសង្រ្គាម ឬធម្មជាតិ ឬគ្មានការថែទំាពីសំណាក់អាជ្ញាធរក៏ដូចប្រជាជនមូលដ្ឋាន ទំាងនេះគឺជាប្រការដ៏គួរឲ្យព្រួយបារម្ភបំផុត។

ជាសរុបចំពោះជំនឿ និងមុខងារទាក់ទងនិងចេតិយនេះគឺ៖

ទី១៖ ធាតុចេតិយ ជាចេតិយសម្រាប់បញ្ចុះធាតុ
ទី២៖ ធម្មចេតិយ ជាចេតិយ សម្រាប់តម្កល់គម្ពីរ ក្បួនច្បាប វិន័យ ធម៌អាថ៌ សាស្រ្ដា
ទី៣៖ បរិភោគចេតិយ ជាចេតិយបញ្ចុះគ្រឿងបរិក្ខារបស់ព្រះសង្ឃ
ទី៤៖ ឧទ្ទេសិកចេតិយ ជាចេតិយសម្រាប់គោរពបូជា ឬឧទ្ទិសបួងសួងសុំសេចក្ដីសុខផ្សេងៗ៕