(ភ្នំពេញ)៖ ជំងឺមហារីកថ្លើម (HCC) បានជាប់ចំណាត់ថ្នាក់លេខ៥ នៃជំងឺមហារីក ដែលជួបញឹកញាប់ក្នុងពិភពលោកទាំងមូល និងមានអត្រាស្លាប់ខ្ពស់។ នេះបើតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្តី ដែលមាន ឯកទេស ផ្នែកព្យាបាលជំងឺថ្លើម។

លោកវេជ្ជបណ្ឌិត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះថា មូលហេតុ និងកត្តាហានិភ័យនៃជំងឺមហារីកថ្លើមនេះ រួមមានជំងឺផ្សេងៗដែលបង្កឱ្យមានការរលាកថ្លើមរ៉ាំរ៉ៃ និងក្រិនថ្លើម ដូចជាការរលាកថ្លើមប្រភេទ C រលាកថ្លើមប្រភេទ B ការពិសាគ្រឿងស្រវឹងរ៉ាំរ៉ៃ ជំងឺខ្លាញ់រុំថ្លើមដោយសារការលើសគីឡូ ជំងឺលើសជាតិទង់ដែង និងកត្តាហានិភ័យមួយចំនួនទៀតរួមមាន ជំងឺទឹកនោមផ្អែម និងការបរិភោគពពួកផ្សិត ដែលមានជាតិពុល Aflatoxin ជាដើម។

មកដល់ពេលបច្ចុប្បន្ន ការព្យាបាលមហារីកថ្លើម មានវិធីសាស្ត្រច្រើនយ៉ាង និងប្រសិទ្ធភាពខ្ពស់។ ការព្យាបាលអាស្រ័យទៅនឹងដំណាក់កាល ការវិវត្តន៍ និងសភាពជាក់ស្តែងរបស់អ្នកជំងឺ។

*ការព្យាបាលរួមមានការវះកាត់ (liver surgery)
*ការប្តូរសរីរាង្គថ្លើម (Liver transplantation)
*ការដុតដុំសាច់មហារីក (Radiofrequency Ablation)
*ការចាក់ថ្នាំគីមី
*និងបំបិតសរសៃឈាមដុំមហារីកថ្លើម (TACE) ការប្រើប្រាស់ថ្នាំគីមីគ្រាប់ និងការប្រើប្រាស់ថ្នាំភាពសំាប្រព័ន្ធរាង្គកាយ(Immunotherapy) ជាដើម។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «ថ្វីបើបច្ចុប្បន្ននេះ ការព្យាបាលមហារីកថ្លើម មានវិធីសាស្ត្រច្រើនយ៉ាង និងមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក្តី។ មហារីកថ្លើមនៅតែមានភាពកាចសាហាវ ព្រោះថាអ្នកជំងឺភាគច្រើន ខ្វះការយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ជាក់ស្តែងអ្នកជំងឺភាគច្រើន តែងមកពិគ្រោះក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលដុំមហារីកថ្លើមបានរីកធំ និងរីករាលដាលទៅហើយ។ ដូចនេះជាហេតុធ្វើឱ្យការព្យាបាលមានការពិបាក និងមានដែនកំណត់ ដែលអ្នកជំងឺមួយចំនួនធំ បានត្រឹមទទួលការព្យាបាលសម្រន់បំបាត់ការឈឺចាប់តែប៉ុណ្ណោះ»

ទោះបីវេជ្ជសាស្ត្រមានការជឿនលឿនយ៉ាងណាក្តី ការព្យាបាលមួយដែលមានប្រសិទ្ធភាព អាចធ្វើទៅបាន លុះត្រាតែមានការចូលរួមពីសមីខ្លួនផ្ទាល់ ការត្រួតពិនិត្យសុខភាពជាប្រចាំ ការលុបបំបាត់កត្តាហានិភ័យ និងការមកទទួលសេវាកម្មព្យាបាលទាន់ពេលវេលា និងក្នុងដំណាក់កាលដំបូង។

លើសពីនោះ សម្រាបការត្រួតពិនិត្យសុខភាពថ្លើមជាប្រចាំ មានសារៈប្រយោជន៍ខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហារលាកថ្លើមរ៉ាំរ៉ៃ ដូចជាអ្នកជំងឺរលាកថ្លើម ឬធ្លាប់មានប្រវត្តិរលាកថ្លើមប្រភេទB និង C អ្នកជំងឺមានជំងឺខ្លាញ់រុំថ្លើម បុគ្គលទទួលទានស្រាជាប្រចាំ និងក្នុងបរិមាណច្រើន ក៏ដូចជាអ្នកជំងឺក្រិនថ្លើមផងដែរ។

លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្តី បានបន្ដថា ដើម្បីបង្ការជំងឺមហារីកថ្លើមនេះ សូមការពារខ្លួន កុំឱ្យឆ្លងនូវជំងឺរលាកថ្លើម ប្រភេទ B, C ដែលឆ្លងតាមរយៈឈាម, កុំឱ្យលើសទម្ងន់ ដែលជាកត្ដាបណ្ដាលឱ្យមានខ្លាញ់រុំថ្លើម ក៏ដូចជាជំងឺទឹកនោមផ្អែម ដែលជាហានិភ័យមួយនៃជំងឺមហារីកថ្លើម, ទទួលរបបអាហារសមស្រប ចៀសវាងពិសាភេសជ្ជៈកំប៉ុង, កាត់បន្ថយការពិសាអាហារ ដែលមានជាតិខ្លាញ់ច្រើន, ហាត់ប្រាណជាប្រចាំ, ចៀសវាងការទទួលគ្រឿងស្រវឹងច្រើនលើសលុប និងកុំការជក់បារី៕