(បរទេស)៖ លោកតាម្នាក់ឈ្មោះ Emilio Flores Márquez ដែលជាអតីតកសិករដាំអំពៅនៅប្រទេសព័រតូរីកូ ត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ថា ជាបុរសមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ខណៈលោកទើបតែធ្វើពីធីអបអរថ្ងៃខួបកំណើតឈានចូលវ័យ១១៣ឆ្នាំ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។

លោកតា Emilio Flores Márquez កើតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩០៨ ក្នុងទីក្រុង Carolina នៃប្រទេសព័រតូរីកូ ដែលធ្វើឲ្យលោកមានវ័យ១១២ឆ្នាំ ៣២៦ថ្ងៃ នៅពុធសប្តាហ៍មុន ពេលដែល Guinness World Records ប្រកាសជាផ្លូវការ។ លោក Márquez កើតក្នុងគ្រួសារកសិករដាំអំពៅ ដែលមានបងប្អូន១១នាក់ ហើយក្នុងនាមជាកូនប្រុសច្បងក្នុងគ្រួសារ លោកបានបំពេញកិច្ចការងារក្នុងគ្រួសារជាច្រើន ដើម្បីសម្រាលបន្ទុកឪពុក។

ថ្លែងប្រាប់ស្ថាប័ន Guinness World Records លោក Emilio Flores Márquez បានថ្លែងថា «ខ្ញុំជាកូនច្បងក្នុងគ្រួសារ ដូច្នេះខ្ញុំបានធ្វើកិច្ចការងារគ្រប់យ៉ាង មិនថាការងារក្នុងកសិដ្ឋាន ឬមើលថែប្អូនៗនោះទេ»

គួរជម្រាបថា លោក Emilio Flores Márquez បានរៀបការជាមួយ លោកស្រី Andrea Perez និងរួមរសជាមួយគ្នាអស់រយៈពេល៧៥ឆ្នាំ ខណៈភរិយារបស់លោកបានស្លាប់ក្នុងឆ្នាំ២០១០។ លោកមានកូនចំនួន៤នាក់ និងមានចៅៗចំនួន៥នាក់ និងចៅៗទួតចំនួន៥នាក់ផងដែរ៕