(ភ្នំពេញ)៖ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសនឹងបរិច្ចាគប្រាក់រង្វាន់ ១/៣សម្រាប់រួមចំណែកកសាងខេត្តសៀមរាប ប្រសិនបើក្រុមខ្លួនគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់លើគណនីផ្ទាល់ខ្លួននៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។

បុរសជនជាតិជប៉ុនរូបនេះបានបញ្ជាក់ថា «សូមអរគុណចំពោះការគាំទ្រទាំងអស់របស់អ្នក។ ប្រសិនបើ Tiger FC នឹងទទួលបានជើងឯកនៅរដូវកាលនេះ រង្វាន់ដែលឈ្នះ គឺផ្តល់ឲ្យមួយភាគបី (១/៣) បរិច្ចាគសម្រាប់ការកសាងខេត្តសៀមរាប...»

ការលើកឡើងរបស់ប្រធានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបខាងលើ ស្របពេលលីគកំពូលកម្ពុជា បានបន្ដការប្រកួតឡើងវិញ ខណៈក្រុមខ្លួនកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី៦ ដោយរកបាន ១៣ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ មិនទាន់ស្គាល់ចាញ់ តាមពីក្រោយដោយក្រុមភ្នំពេញក្រោន ដែលមាន ១២ពិន្ទុជាមួយលទ្ធផលឆ្លងកាត់ ៤ប្រកួត លេងឈ្នះទាំង ៤ប្រកួតតែម្តង

គួរដឹងថា ក្រុមអង្គរថាយហ្គឺរ បានបង្កើតឡើងកាលពីឆ្នាំ២០១៣ ដែលមានឈ្មោះដំបូងថា «ត្រាយអាស៊ី» ប៉ុន្ដែឆ្នាំ២០១៥ បន្ទាប់ពីលោក Akihiro Kato បានក្លាយជាប្រធានក្លិបថ្មី ក៏បានប្ដូរឈ្មោះមកជា «ខេមបូឌានថាយហ្គឺរ» មុនប្ដូរមកឈ្មោះ «អង្គរថាយហ្គឺរ» រហូតមកទល់បច្ចុប្បន្ននេះ។ ចំពោះកំណត់ត្រាល្អបំផុតរបស់ក្រុមរហស្សនាមខ្លាទឹកក្រូចនេះ គឺពួកគេបានទទួលចំណាត់ថ្នាក់លេខ៣ ដូចគ្នា ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជាកាលពីឆ្នាំ២០១៥៕

http://image.freshnewsasia.com/2020/id-155/fn-2021-07-05-09-45-55-0.jp