(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅតែពង្រឹងការអនុវត្តវិធានសុវត្ថិភាពសុខាភិបាលនៅតាមគោលដៅទស្សនាប្រាសាទនានា ដែលនៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះមានការបាញ់អាល់កុល វាស់កម្ដៅ ស្កេន QR-Code និងការណែនាំឱ្យភ្ញៀវទេសចររក្សាគម្លាតឱ្យបានត្រឹមត្រូវជាដើម។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា វិធានការទាំងនេះ ក្រុមការងារបានអនុវត្តតាមពីអំលុងផ្ទុះការរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ថ្មីៗនោះមកម្ល៉េះ ហើយមកទល់ពេលនេះ ក្រុមការងារនៅតាមគោលដៅទស្សនាទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល ក៏នៅតែបន្តអនុវត្តយ៉ាងយកចិត្តទុកផងដែរ។

មន្ត្រី និងភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមគោលដៅប្រាសាទនានាបានឱ្យដឹងដែរថា ភ្ញៀវទេសចរគ្រប់គ្នា គឺមានការគោរពតាមការណែនាំ និងការស្នើសុំរបស់ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា។

អ្វីដែលសំខាន់ ការធ្វើដំណើរចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ មានប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទបាគងជាដើមនោះ គឺកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ ខណៈអាជ្ញាធរជាតិអប្សរាក៏បានជួសជុលផ្លូវ និងកសាងផ្លូវថ្មីផងដែរ។

គ្រប់ភ្ញៀវទេសចរ និងអ្នកដំណើរដែលធ្វើដំណើរចូលទៅកាន់ខេត្តសៀមរាប ត្រូវចូលចុះឈ្មោះជាមួយមន្ត្រី-ភ្នាក់ងារនៅតាមច្រកចូលខេត្ត ឬនៅតាមព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តជុំវិញ ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈការចុះឈ្មោះនៅតាមច្រកចូលខេត្តនោះ មិនមានអ្វីគួរឱ្យស្មុគស្មាញនោះឡើយ៕