(ឡុងដ៍)៖ ក្រុមហ៊ុនផលិតរថយន្ត Nissan Motor Co បានប្រកាសឱ្យដឹងថា ខ្លួននឹងបោះទុនវិនិយោគបន្ថែមទៀត ចំនួន ១ពាន់លានផោន ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនីនៅក្នុងទឹកដីនៃចក្រភពអង់គ្លេស ដែលនេះ ជា កិច្ចខិតខំប្រឹងប្រែងមួយនៅក្នុងយុទ្ធសាស្ត្រ និងយុទ្ធនាការពង្រីកទីផ្សារថយន្តអគ្គិសនីនៅអង់គ្លេស។

យោងតាមការចេញផ្សាយចេញរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទឹកប្រាក់វិនិយោគ ១ពាន់លានផោននេះ ក្រុមហ៊ុន Nissan នឹងយកទៅបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីធំៗ ចំនួន ពីរ នៅកន្លែងផ្សេងគ្នា ក្នុងទឹកដីចក្រភពអង់គ្លេស។

រោងចក្រថ្មីទាំងពីរនេះ គឺដើរតួនាទីផ្សេងៗគ្នា ដោយរោងចក្រមួយជាអ្នកផ្គុំរថយន្តអគ្គិសនី និងរោងចក្រមួយទៀតជា អ្នក ផលិត គ្រឿងបរិក្ខាផ្សេងៗ ជាពិសេសគឺផលិតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ Nissan តែម្ដង។

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះបានប្រកាសឱ្យដឹងថា ការវិនិយោគនេះគឺមិនត្រឹមតែចូលរួមកាត់បន្ថយរថយន្ត ប្រើប្រាស់ប្រេង សាំងប៉ុណ្ណោះទេ គឺថែមទាំងបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុល និង បានបង្កើតឱកាសការងារថ្មី ជាច្រើនទៀតនៅក្នុងចក្រភពអង់គ្លេស៕