(ភ្នំពេញ)៖ លោក គីម ភក្ដី គ្រូបង្វឹកក្រុមបឹងកេតបានចាត់ទុកការបង្ហាញខ្លួនក្នុងជម្រើស ១១នាក់លើកដំបូង និងការបញ្ចប់ទី ៣គ្រាប់ម្នាក់ឯង (Hat-Trick) របស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា កាលពីចុងសប្ដាហ៍កន្លងទៅ គឺជាសញ្ញាណមួយល្អសម្រាប់ក្រុម ដ្បិតរូបគេបានបង្ហាញថា ខ្លួនអាចត្រឡប់ទៅរកទម្រង់លេងដើមវិញហើយ។
ការបង្ហាញសុទិដ្ឋិនិយមបែបនេះ បន្ទាប់ពីលោក គីម ភក្ដី បានសម្រេចដាក់ ចាន់ វឌ្ឍនាកា លេងក្នុងជម្រើស ១១នាក់លើកដំបូងក្នុងរដូវកាលថ្មី ឆ្នាំ២០២១ ស្របពេលរូបគេ បានជួយក្រុមយកឈ្នះម្ចាស់ផ្ទះខេត្តព្រៃវែង ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី១ នៃជើងឯកលីគកំពូលកម្ពុជា សប្ដាហ៍ទី៦ កាលពីចុងសប្ដាហ៍កន្លងទៅ។
គ្រូបង្វឹកខាងលើបញ្ជាក់ថា «យើងឃើញថា ការត្រឡប់មកវិញរបស់ វឌ្ឍនាកា គឺជាសញ្ញាមួយល្អ ដែលគាត់អាចជួយក្រុម គ្រាដែលកន្លងមកគាត់លេងបានតិចនាទី ហើយបងប្អូនទស្សនិកជន ក៏ចេះតែចង់តាមមើលគាត់ ហើយពួកយើងជាអ្នកបច្ចេកទេស យើងចង់ផ្ដល់ឱកាសឲ្យកីឡាករ ដែលមានសក្ដានុពល ប៉ុន្ដែទោះបីយ៉ាងណា ក៏យើងត្រូវមើល Feed Back កម្លាំងរបស់គាត់ បច្ចេកទេសរបស់គាត់ តើការត្រឡប់មកវិញហ្នឹងបានកម្រិតណាហើយ? ដូច្នេះពេលនេះ គាត់បានបង្ហាញថា គាត់អាចត្រឡប់មកវិញជាមួយក្រុម និងអាចបន្ដធ្វើការជាមួយគ្នាបន្ដទៀតបាន»។
គួរដឹងថា មកទល់ពេលនេះ បឹងកេត បានបញ្ចប់ការប្រកួត ៥លើក ដោយឈ្នះ២ និងចាញ់៣ ទើបរកបាន ៦ពិន្ទុប៉ុណ្ណោះ។ ប៉ុន្ដែក្នុងចំណោម ៤ប្រកួតកន្លងមក វឌ្ឍនាកា ពុំធ្លាប់ជាប់ជម្រើស ១១នាក់ដំបូងនោះទេ ដែលធ្វើឲ្យអ្នកគាំទ្ររបស់គេ មានការងឿងឆ្ងល់ជាខ្លាំងរហូតដល់ការប្រកួតជាមួយខេត្តព្រៃវែង កាលពីចុងសប្ដាហ៍កន្លងទៅ ទើបលោក គីម ភក្ដី បានផ្ដល់ឱកាសឲ្យគេលេងក្នុងជម្រើស ១១នាក់ និងបានលេងស្ទើរពេញ ៩០នាទី មុនប្ដូរចេញនៅនាទីទី៨៧។ ក្រោយចប់ការប្រកួតនេះ មានអ្នកគាំទ្រជាច្រើន បានកោតសរសើរចំពោះបច្ចេកទេសស៊ុតរបស់គេ ពិសេសគ្រាប់ទី១ ដែលកើតឡើងដោយការទាត់បាល់ហ្វ្រីឃីកតែម្ដង៕