(អាមេរិក)៖ អ្នកមេម៉ាយ Gwen Stefani និងពោះម៉ាយ Blake Shelton ជាតារាចម្រៀងល្បីរបស់សហរដ្ឋអាមេរិក បានសម្រេចដឹកដៃគ្នាចូលរោងការជាផ្លូវការហើយ ក្រោយរួមរស់ជាមួយគ្នា និងមើលចិត្តគ្នាអស់រយៈពេល ៦ឆ្នាំ។ នេះបើតាមការផ្សាយ ដោយគេហទំព័រសារព័ត៌មានអេឡិចត្រូនិច Hollywood Life នៅថ្ងៃចន្ទ ទី០៥ ខែកក្កដា។

ពួកគេបានសម្រេចចិត្តរៀបការ កាលពីថ្ងៃសៅរ៍ ទី០៣ ខែកក្កដា។ រូបថតជាច្រើនបង្ហាញថា តុពណ៌ស និងតង់ពណ៌សជាច្រើន បានរៀបចំយ៉ាងស្អាត នៅលើវាលស្រែរបស់ Blake ដែលមានទំហំ ៦០០ហិកតា (1,500 acre) ក្នុងរដ្ឋ Oklahoma ក្នុងពិធីមង្គលនេះ។

នេះជាការរៀបអាពាហ៍ពិពាហ៍ លើកទី៣ របស់លោក Blake និងជាលើកទី២ របស់ Gwen។ ប្រពន្ធទី១ របស់លោក គឺលោកស្រី Kaynette Gern បានរៀបការជាមួយគ្នា កាលពីឆ្នាំ២០០៣។ ទោះជាយ៉ាងនេះក្តី ពួកគេបានលែងលះវិញ ក្រោយចុះអេតាស៊ីវិលបានត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។ ក្រោយពីបែកគ្នា Blake បានទាក់ទងជាមួយអ្នកនាង Miranda Lambert ដែលលោកបានជួបក្នុងព្រឹត្តិការណ៍មួយ កាលពីឆ្នាំ២០០៥។ អ្នកទាំងពីរ បានភ្ជាប់ពាក្យក្នុងខែឧសភា ឆ្នាំ២០១០ ហើយរៀបការជាមួយគ្នា ក្រោយភ្ជាប់ពាក្យបាន ១ឆ្នាំ។ ប៉ុន្តែពួកគេធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលពួកគេប្រកាសថា បានលែងលះវិញអំឡុងរដូវក្តៅ ក្នុងឆ្នាំ២០១៥។

ងាកទៅ Gwen វិញនោះ គឺគាត់ក៏បានដោះស្រាយបញ្ហាអាពាហ៍ពិពាហ៍ ជាមួយស្វាមី អំឡុងពេលលោក Blake លែងប្រពន្ធផងដែរ។ នាងបានជួបអតីតស្វាមី Gavin Rossdale ក្នុងឆ្នាំ១៩៩៥ និងបានរៀបការជាមួយគ្នា ក្នុងឆ្នាំ២០០២។ ក្នុងចំណងគ្រួសារនេះ នាងមានកូនចំនួន ៣នាក់ រួមមាន Kingston កើតនៅក្នុងខែឧសភា ឆ្នាំ២០០៦, Zuma កើតនៅសីហា ឆ្នាំ២០០៨ និង Apollo កើតនៅខែកុម្ភៈ ឆ្នាំ២០១៤។ នាង និងស្វាមី បានប្រកាសពីការលែងលះ ក្នុងខែសីហា ឆ្នាំ២០១៥។

ក្នុងឆ្នាំ២០១៥ Blake និង Gwen បានធ្វើជាគ្រូបង្ហាត់ចម្រៀង ក្នុងកម្មវិធី The Voice។ កាលនោះ ជាលើកទី២ សម្រាប់នាងក្នុងព្រឹត្តិការណ៍បែបនេះ ប៉ុន្តែពួកគេសារភាពថា មិនមានទំនាក់ទំនងអ្វីទេ ខណៈពួកគេបានទាក់ទងគ្នាលើកដំបូង។ ទោះជាយ៉ាងនេះក្តី ពួកគេបានបង្ហាញជាសាធារណៈនៃទំនាក់ទំនង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ហើយមានភាពរីករាយជាមួយគ្នា ដែលជាពេលមិនធ្លាប់មានពីមុន។

ចុងក្រោយ Blake បានសុំ Gwen រៀបការក្នុងខែតុលា ឆ្នាំ២០២០ ក្រោយពីទាក់ទងបែបស៊ីជម្រៅ អស់រយៈពេល ៥ឆ្នាំ។ ការសុំរៀបការបានធ្វើឡើងនៅក្នុងរដ្ឋ Oklahoma អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះហើយធ្វើឲ្យពួកគេមិនបានប្រាកដថា ចំណងស្នេហាដ៏រ៉ូមែនទិកនេះ អាចសម្រេចបានឆាប់ៗ ឬក៏អត់ទេ។ សំណាងល្អ សហរដ្ឋអាមេរិក មានភាពល្អប្រសើរវិញ ក្នុងរយៈពេលប៉ុន្មានខែក្រោយមក ហើយលោក Blake និងអ្នកនាង Gwen បានសម្រេចរៀបការជាផ្លូវការ៕