(ក្រុងឡុងដ៍)៖ ខ្សែការពារស្លាបស្តាំ Leonardo Spinazzola នឹងអវត្តពីក្រុមជម្រើសជាតិអាសូរីអ៉ីតាលីរាត្រីនេះ ក្នុងជំនួបធំទល់នឹងអេស្ប៉ាញនៅ Euro 2020 ដោយសារបញ្ហារបួសសរសៃពួរជើង (Achilles tendon) ជាទម្ងន់ដែលត្រូវបានធ្វើការវះកាត់ផងដែរ។
កីឡាករវ័យ ២៨ឆ្នាំដែលត្រូវជ្រើសរើសចេញពីក្លិបក្នុងស្រុក AS Roma ខាងលើនេះបានរងរបួសសរសៃពួរជើង និងត្រូវបានប្តូរចេញនៅចុងម៉ោងផងដែរ ក្នុងជំនួបដែលអ៉ីតាលីទម្លាក់ប៊ែលហ្សិកចេញពី Euro 2020 កាលក្នុងវគ្គ ៨ក្រុមចុងក្រោយ ដើម្បីឡើងមកប៉ះអេស្ប៉ាញសម្រាប់វគ្គ ៤ក្រុមដែលអេស្ប៉ាញបានយកឈ្នះស្វីសដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។
Leonardo Spinazzola ជាខ្សែការពារស្លាបស្តាំ ១រូបមិនអាចខ្វះបានដែលរូបគេត្រូវបានលោក Roberto Mancini ដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូងជានិច្ចក្នុងជំនួបវគ្គ ១៦ក្រុមទល់នឹងអូទ្រីស មុនពេលមកឈ្នះក្រុមឈរនៅលំដាប់លេខ១ ពិភពពលោកនាពេលបច្ចុប្បន្នប៊ែលហ្សិកថែមទៀតផង។
ជុំវិញការអវត្តមានរបស់ Spinazzola ដែលអាចដល់ ៦ខែផងនោះ មិត្តរួមក្រុមដែលជាខ្សែការពារដូចគ្នា Leonardo Bonucci ក៏បានជូន Spinazzola ឆាប់ជាសះស្បើយ និងថ្លែងដោយជំនឿចិត្តថា «អ៉ីតាលីនឹងឡើងវគ្គផ្តាច់ព្រ័ត្រក្នុងពាន European Championship ឲ្យទាល់តែបាន»៕