(អាមេរិក)៖ តារាសម្តែងក្នុងរឿង «Aquaman» អ្នកនាង Amber Heard ដែលគេស្គាល់ថា ជាអតីតភរិយារបស់តួអង្គចោសមុទ្រ Johnny Depp ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍មួយរំពេច បន្ទាប់ពីបានបង្ហាញថា នាងមានកូនស្រីដំបូង ដែលកើតតាំងពីថ្ងៃទី០៨ ខែមេសា កន្លងទៅ។ ទន្ទឹមនឹងការបង្ហាញជាសាធារណៈបែបនេះ នាងមិនបានបញ្ជាក់ឡើយថា តើឪពុករបស់កូនស្រីនាង ជានរណាឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Star នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។
តារាស្រី Amber Heard បានប្រកាសបែបនេះ តាមរយៈការបញ្ចេញរូបភាពមួយសន្លឹករបស់នាង និងកូនស្រីវ័យ៣ខែ មានឈ្មោះថា Oonagh Paige Heard នៅលើបណ្តាញសង្គម Instagram កាលពីដើមខែកក្កដាថ្មីៗនេះ ដោយនិយាយយ៉ាងដូច្នេះថា កាលពី៤ឆ្នាំមុន នាងមានក្ដីស្រមៃចង់មានកូន ហើយពេលនេះបំណងប្រាថ្នារបស់នាងបានសម្រេចហើយ ដោយនាងនឹងចាប់ផ្ដើមជីវិតថ្មី ជាមួយកូនស្រីក្នុងនាមជាម្ដាយឯករាជ្យម្នាក់។
ទោះជាបែបនេះក្តី តារាស្រីរូបនេះមិនបានបញ្ជាក់នោះឡើយ ពីអត្ថសញ្ញាណឪពុករបស់កូនស្រីនាង។ តែយ៉ាងណា កន្លងទៅធ្លាប់មានសារព័ត៌មានមួយចំនួនចុះផ្សាយថា Amber Heard បានជួលនារីម្នាក់ពពោះជំនួសនាង ដោយសារមូលហេតុសុខភាពនាង មិនអំណោយផលសម្រាប់ការពពោះខ្លួនឯង។
គួរជម្រាបថា តារាសម្តែងស្រី Amber Heard ត្រូវបានគេដឹងថា បានស្គាល់គ្នាជាមួយតារាល្បីតួឯករឿង «ចោសមុទ្រ» Johnny Depp តាមរយៈការសម្តែងរឿង «The Rum Diary» ហើយក៏បានសម្រេចិត្តរៀបការ ជាមួយគ្នាក្នុងឆ្នាំ២០១៥។ ក្រោយមកអ្នកទាំងពីរក៏បានបែកបាក់គ្នា ដោយការលែងលះ បន្ទាប់ពីរៀបការបាន១៥ខែ ដោយសារបញ្ហាអំពើហឹង្សា៕