(អាមេរិក)៖ ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon លោក Jeff Bezos បានសម្រេចចាកចេញពីមុខ តំណែងនាយកប្រតិបត្តិ (CEO) ជាផ្លូវការ បន្ទាប់ពីបានប្រកាសថាលោកនឹងលាឈប់កាលពីដើមឆ្នាំ២០២១ និង បាន ជ្រើសរើសអ្នកសម្រាប់ជំនួសតំណែងមួយនេះរួចរាល់ហើយថែមទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Jeff Bezos នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រគល់តំណែង និងភារកិច្ចក្នុងនាមជា CEO ឱ្យទៅលោក Andy Jassy ខណៈដែល ក្រុមហ៊ុន Amazon នៅពេលនេះមានតម្លៃនៅលើទីផ្សារប្រមាណជា ១.៧ទ្រីលានដុល្លារ។

កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Amazon បានប្រកាសថា លោក Jeff Bezos នឹងលាឈប់ពីតំណែង CEO ហើយ លោកនឹងឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលវិញ ជាពិសេសនោះគឺលោកត្រូវទៅបន្តការងារមួយចំនួន ទៀត នៅ ក្នុងកាសែត Washington Post, ក្រុមហ៊ុន Blue Origin និងសកម្មភាពមនុស្សធម៌។

មុនពេលឈានជើងដើរចេញពីមុខតំណែង CEO នេះ លោក Jeff Bezos តំណាងឱ្យ ក្រុមហ៊ុន Amazon ក៏បាន សម្រេច ផ្ដល់ហ៊ុនមួយចំនួនដល់លោក Andy Jassy ដែលគិតត្រឹមនាពេលបច្ចុប្បន្ន ហ៊ុននោះមានតម្លៃសរុបប្រមាណជាង ២០០ លានដុល្លារអាមេរិក។

តាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ Amazon បានឱ្យដឹងថា លោក Jeff Bezos នៅតែជាមនុស្សដែលមានឥទ្ធិពល ដដែល សម្រាប់ក្រុមហ៊ុន ព្រោះលោកនៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល ខណៈដែល CEO ថ្មី ត្រូវធ្វើរបាយការណ៍ ផ្ញើមកកាន់លោកផ្ទាល់ផងដែរ។

ត្បិតតែក្រុមហ៊ុន Amazon ទទួលបានជោគជ័យក្នុងការរកចំណូលក្នុងអំឡុងវិបត្តិកូវីដ-១៩ ជាសកលក្ដី ក៏ក្រុមហ៊ុន មួយ នេះ បានជួបនឹងបញ្ហាជាច្រើនផងដែរ ជាពិសេសគឺពាក់ព័ន្ធនឹងការធ្វើកូដកម្មពីសំណាក់បុគ្គលិក និងកម្មករដែល បម្រើការងារ នៅជួរមុខក្នុងឃ្លាំងទំំនិញ និង បម្រើសេវាកម្ម ផ្ទាល់ជាមួយអតិថិជន៕