(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា របស់កម្ពុជាត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចដំឡើងទៅវគ្គចែកពូលនៃពានរង្វាន់ AFC Cup 2021 ដោយស្វ័យប្រវត្តិ បន្ទាប់ពីក្លិប Kaya FC-Iloilo របស់ប្រទេសហ្វីលីពីន ត្រូវបាន AFC ជ្រើសរើសចូលរួមការប្រកួតវគ្គចែកពូល នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League 2021 កាលពីថ្មីៗ។

ប្រភពពី AFC បានបញ្ជាក់ថា គណៈកម្មការរៀបចំការប្រកួតបានសម្រេចលុបចោលការប្រកួតវគ្គជម្រុះ Play-Off Stage រវាងក្លិបវិសាខា និងក្លិប របស់ប្រទេសទីម័រខាងកើត ហើយក្រុមទាំងពីរត្រូវដឹកដៃគ្នាឡើងទៅវគ្គចែកពូលនៃពានរង្វាន់កម្រិតទី២អាស៊ី AFC Cup 2021 ដោយស្ថិតក្នុងពូល I ជាមួយក្លិប Terengganu FC របស់ប្រទេសម៉ាឡេស៊ី និងក្លិប Geylang International របស់ប្រទេសសិង្ហបុរី។

ដូច្នេះវិសាខា បានក្លាយជាក្រុមតំណាងកម្ពុជាទី២ ដែលត្រូវប្រកួតពានរង្វាន់ AFC Cup 2021 នៅវគ្គចែកពូល បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ គឺក្លិបបឹងកេត ដែលទទួលបានកៅអីវគ្គចែកពូល ដោយស្វ័យប្រវត្តិក្នុងពូល G ជាមួយក្លិប Hanoi របស់ប្រទេសវៀតណាម, ក្លិប Bali United របស់ប្រទេសឥណ្ឌូណេស៊ី និងអ្នកឈ្នះវគ្គជម្រុះរវាង Chanthabouly របស់ឡាវ ឬ Kasuka របស់ព្រុយណេ។

ចំពោះកាលបរិច្ឆេទប្រកួត និងទឹកដីកណ្ដាលដែលត្រូវទទួលធ្វើម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ នៅមិនទាន់ធ្វើការកំណត់នោះទេ ដ្បិត AFC កំពុងជួបការលំបាកក្នុងការស្វែងរកទឹកដីកណ្ដាលដើម្បីរៀបចំនៅឡើយ ព្រោះវិបត្តិកូវីដ-១៩៕