(បារាំង)៖ ព្រឹត្តិការណ៍មហោស្រពភាពយន្តដ៏ធំបំផុតមួយ ក្នុងចំណោមមហោស្រពភាពយន្តធំៗចំនួន៣ ប្រចាំតំបន់អឺរ៉ុប គឺមហោស្រពភាពយន្តទីក្រុងកាន (The Cannes Film Festival) បានដំណើរការឡើងវិញ ចាប់ពីថ្ងៃអង្គារ៍នេះតទៅ បន្ទាប់ពីត្រូវបានរំសាយចោល កាលពីឆ្នាំមុន ដោយសារវិបត្តិកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

អមដោយវិធានការធ្វើតេស្តជាមុន និងការពាក់របាំងការពារមុខ គេសង្កេតឃើញថា មានតារាហូលីវូដ និងតារាល្បីៗក្នុងវិស័យភាពយន្តជាច្រើនរូប បានមកដល់ទីតាំង នៃមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង នៅថ្ងៃអង្គារ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្រាប់ការចាប់ផ្តើមជាថ្មី នៃវិស័យសិល្បៈភាពយន្ត ក្រោយពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ត្បិតតែព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ បានធ្វើឡើងជាថ្មីក្តី ប៉ុន្តែអ្នករៀបចំកម្មវិធី និងមន្ត្រីក្នុងតំបន់ បានអនុវត្តន៍វិធានការយ៉ាងតឹងរឹងបំផុត ដើម្បីទប់ស្តាប់ការចម្លងកូវីដ-១៩ និងដើម្បីឲ្យព្រឹត្តិការណ៍នេះទាំងមូល ប្រព្រឹត្តិទៅដោយរលូន។ តាមទម្លាប់មុនមានការរីករាលដាលជំងឺកូវីដ-១៩ គេតែងឃើញវត្តមានកំពូលតារាហូលីវូដ ធ្វើដំណើរទៅកាន់ទីក្រុងកាន ក្នុងរយៈពេលពីរសប្តាហ៍ពេញ ដើម្បីចូលរួមក្នុងមហោស្រពមួយនេះ ដែលត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ភាពយន្តធំជាងគេលើពិភពលោក និងជាទីផ្សារដ៏ធំសម្រាប់ឧស្សាហកម្មភាពយន្ត។ ជាក់ស្តែង ក្នុងឆ្នាំនេះបុគ្គលល្បីៗដែលត្រូវចូលរួម គឺមានតិចបំផុតបើធៀបនឹងចំនួនរាល់ដង ពោលគឺមានចំនួន ២៨,០០០នាក់ ខណៈកាលមិនទាន់មានជំងឺកូវីដ-១៩ វាយលុក គឺមានរហូតដល់ ៣៥ ទៅ៤០ម៉ឺននាក់។

គួរជម្រាបថា មហោស្រពភាពយន្តទីក្រុងកាន (The Cannes Film Festival) គឺជាមហោស្រពភាពយន្តប្រចាំឆ្នាំដ៏ធំបំផុតមួយ ក្នុងចំណោមមហោស្រពភាពយន្តធំៗចំនួន២ទៀត ប្រចាំតំបន់អឺរ៉ុបដូចជា Venice Film Festival នៅអ៉ីតាលី និង Berlin International Film Festival នៅអាល្លឺម៉ង់។ មហោស្រពភាពយន្តទីក្រុងកាន ជាពេលវេលាមួយ ដែលស្នាដៃភាពយន្តល្បីៗ ត្រូវបានបង្ហាញ ដើម្បីប្រកួតប្រជែងយកពានរង្វាន់៕