(ញូដេលី)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបាននិយាយថា ក្រុមហ៊ុន Twitter បានបាត់បង់អភ័យឯកសិទ្ធិក្នុងការគ្រប់គ្រងមាតិកាដែលបង្កើតឡើយអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា ខណៈដែល នៅ ពេលនេះតុលាការកំពុងតែស៊ើបអង្កេតលើករណីនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានប្រកាសអំពីច្បាប់អាយធីថ្មី កាលពីខែកុម្ភៈកន្លងទៅនេះ និងបានដាក់ជាធរមានកាលពី ចុង ខែឧសភា ដោយក្នុងនោះតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់មានដូចជា Facebook, WhatsApp និង Twitter ជាដើម ត្រូវបង្កើតក្រុមការងារ ឬមនុស្សដែលជាតំណាងម្នាក់សម្រាប់ទុកដោះស្រាយវិបត្តិ និងវិវាទផ្សេងៗ ពោលគឺតំណាង ក្រុមហ៊ុនម្នាក់ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើយដោយមិនបានត្រៀមទុកជាមុន។

គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ គឺជាថ្ងៃកំណត់ចុងក្រោយបំផុតដែលរដ្ឋាភិបាលឥណ្ឌាបានឱ្យ Twitter ក្នុងការបំពេញបែបបទផ្សេងៗទៅតាមច្បាប់ថ្មី។ នៅក្នុងច្បាប់ថ្មីនេះផងដែរ គឺរដ្ឋាភិបាលឥណ្ឌាបានសង្កត់ធ្ងន់ទៅលើ ការ ស្នើសុំឱ្យលុបមាតិកាផ្សេងៗដែលរំលោភបំពានទៅនឹងច្បាប់ប្រទេស ជាពិសេសគឺស្នើសុំ ស្វែងរកប្រភពដើមដែលបាន បង្ហោះ ប៉ុន្តែកន្លងមក Twitter មិនបានធ្វើតាមសំណើនេះឡើយ ដូច្នេះទើបឥណ្ឌាដាក់ច្បាប់នេះជាធរមានតែម្ដង។

យោងតាមការប្រភពខាងលើបានឱ្យដឹងថា តុលាការនៃប្រទេសឥណ្ឌានឹងកោះហៅតំណាងក្រុមហ៊ុន Twitter ប្រចាំឥណ្ឌាទៅបំភ្លឺក្នុងពេលឆាប់ៗនេះ ខណៈដែល ការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានដែលរំលោភច្បាប់ ប្រទេសឥណ្ឌានៅតាមបន្តកើតមានឡើងជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម Twitter៕