(អាមេរិក)៖ ខណៈដែលព័ត៌មានជាច្រើនបានលេចឡើងពាក់ព័ន្ធនឹងវត្តមានជំនាន់ថ្មីរបស់ iPhone នៅពេលនេះ ប្រភពច្បាស់ការណ៍ជាច្រើន បានរាយការណ៍មកថា iPhone 13 ត្រូវបានផលិតឡើងដោយ ក្រុមហ៊ុន Foxconn និង Pegatron ។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។

ប្រភពខាងលើបានបញ្ជាក់ថា iPhone 13 នឹងបង្ហាញខ្លួនក្រោមរូបរាងបីម៉ូដែល ប៉ុន្តែមិនបានបញ្ជាក់ថា វាមានឈ្មោះអ្វីខ្លះនោះទេ គ្រាន់តែ ដឹងថា មានមួយក្នុងចំណោមនោះត្រូវបានបំពាក់កាមេរ៉ាមានទំហំធំជាងគេ។ ជាមួយគ្នានេះផងដែរ លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បី ពាក់ព័ន្ធនឹងក្រុមហ៊ុន Apple ក៏បានអះអាងផងដែរថា iPhone 13 mini គឺជាជំនាន់ចុងក្រោយនៃ iPhone mini ព្រោះថាតួលេខនៃការ លក់កន្លងមកបានធ្លាក់ចុះខ្លាំង ដូច្នេះ Apple បានសម្រេចចិត្តបញ្ឈប់ការផលិតម៉ូដែល mini។

Foxconn ត្រូវបានគេដឹងថា ជារោងចក្រផលិត និងផ្គត់ផ្គង់ឧបករណ៍ធំបំផុតរបស់ Apple និងរកចំណូលបានច្រើនសន្ធឹកផងដែរពី ការផ្គត់ផ្គង់មួយនេះ ដោយនៅពេលនេះ ត្រូវបានសារព័ត៌មានចិនជាច្រើនបានចេញផ្សាយព្រមគ្នាថា Foxconn បាននិងកំពុងតែផលិត iPhone 13 យ៉ាងសកម្ម ខណៈដែល Pegatron ដែលជាដៃគូមួយទៀតរបស់ Apple ក៏កំពុងតែផលិត iPhone 13 ផងដែរ។

ប្រភពដដែលបានបន្តទៀតថា Foxconn គឺជាអ្នកទទួលរាប់រងក្នុងការផលិត iPhone 13 ស្ទើរតែទាំងអស់ ដោយឡែក Pegatron គឺជួយ ផលិត iPhone 13 ដែលមានអេក្រង់ទំហំ ៥.៤អ៊ីងតែមួយមុខប៉ុណ្ណោះ ដោយសារតែ Foxconn ខ្លាចផលិតមិនទាន់តម្រូវការ ណាមួយក៏កំពុងតែមានបញ្ហាពាក់ព័ន្ធនឹងកម្លាំងពលកម្មផងដែរ។

គួរបញ្ជាក់ផងដែរថា អតិថិជន Apple នៅអាមេរិកជាច្រើនបានទន្ទឹងរង់ចាំមើលផ្លូវ iPhone ជំនាន់ថ្មី ប៉ុន្តែ ពួកគេអាចនឹងមិនប្រើ បើសិនជា Apple ប្រើប្រាស់ឈ្មោះថា «iPhone 13» ព្រោះថាលេខ 13 ជាលេខសំណាងមិនល្អ ឬលេខអាក្រក់បំផុតសម្រាប់ពួកអឺរ៉ុប៕