(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប៉ះគូប្រជែងញាក់សាច់ដាណឺម៉ាក បញ្ចប់វគ្គ ៤ក្រុមចុងក្រោយនៅ Euro 2020 យប់នេះ គ្រាដែលសារព័ត៌មានក្នុងស្រុករបស់ពួកគេ BBC បានទាយលទ្ធផលមុនគឺ អង់គ្លេសឈ្នះដាណឺម៉ាក ២ទល់នឹង១។

អង់គ្លេស បានទន្ទឹងរង់ចាំអស់ ៥៥ឆ្នាំមកហើយ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រម្តងទៀត គិតចាប់តាំងពីបានឈ្នះជើងឯក FIFA World Cup ក្នុងទឹកដីរបស់ខ្លួនកាលឆ្នាំ១៩៦៦ មក និងជាក្រុមដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរកាលពី World Cup 2018 នៅប្រទេសរុស្ស៊ី។

យ៉ាងណាមិញ តោកំណាចមួយនេះពុំធ្លាប់ឈ្នះជើងឯកពានប្រចាំទ្វីបអឺរ៉ុប UEFA Euro ម្តងណាឡើយ បូករួមទាំងរងជើងឯកផងដែរ។ យប់នេះនឹងក្លាយជាប្រវត្តិសាស្រ្តថ្មីទៀតសម្រាប់កីឡាករ និងប្រជាពលរដ្ឋអង់គ្លេសដែលមានអ្នកទស្សនាច្រើនជាង ៦ម៉ឺននាក់នៅកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង London នាម៉ោង ០២៖០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ដូចគ្នានោះដែរ លោក Lawro អ្នកសរសេរព័ត៌មានកីឡាចាស់វស្សា ១រូបរបស់ BBC ក៏បានធ្វើការទស្សន៍ទាយលទ្ធផលនេះផងដែរដោយលោកទាយថា អង់គ្លេសនឹងឈ្នះក្រុមភ្ញៀវដាណឺម៉ាក ២ទល់នឹង១។

គួរបញ្ជាក់ផងថា ឆ្លងកាត់ ៥ប្រកួតមកនេះតោកំណាចអង់គ្លេស មិនទាន់របូត ១គ្រាប់នោះទេ និងបំប៉ោងសំណាញ់ទីគូប្រកួតបាន ៨គ្រាប់ក្នុងនាមជាក្រុមលេខ១ ចេញពីពូល D គ្រាដែលដាណឺម៉ាកជាក្រុមលេខ២ ចេញពីពូល C បន្ទាប់ពីប៊ែលហ្សិក បានឆ្លងកាត់ ៥ប្រកួតដូចគ្នា ឈ្នះ៣ និងចាញ់ ២ដងមិនដែលស្មើ ស៊ុតបញ្ចូលទីគូប្រកួតបាន ១០គ្រាប់ និងរបូតវិញ ៥គ្រាប់៕