(ភ្នំពេញ)៖ លោក Oriol Segura គ្រូបង្វឹកក្រុមកំពូលតារាងអង្គរថាយហ្គឺរ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-១ ក្នុងជំនួបសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា កាលពីល្ងាចមិញ ហើយបានចាត់ទុកជ័យជម្នះនេះ គឺជាឱកាសដ៏អស្ចារ្យសម្រាប់ក្រុមខ្លួនទៀត។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានលើកឡើងថា «វាគឺជាឱកាសដ៏អស្ចារ្យសម្រាប់យើង ដែលទទួលបាន ៣ពិន្ទុត្រឡប់ទៅកាន់ខេត្តសៀមរាបវិញ និងជាការបង្ហាញពីភាពស្វិតស្វាញ និងភាពខ្លាំងក្លាផ្នែកស្មារតីរបស់ក្រុមទាំងមូល ដែលបានខិតខំប្រឹងប្រែង។ ខ្ញុំពិតជារីករាយយ៉ាងខ្លាំង ជាមួយអ្នកគ្រប់គ្នា ដែលជាគ្រួសារអង្គរថាយហ្គឺរ»

តែយ៉ាងណាអតីតគ្រូបង្វឹកក្លិបភ្នំពេញក្រោនរូបនេះបាននិយាយបែបក្រើនរំឮកកូនក្រុមឲ្យបង្កើនស្មារតីត្រៀមប្រយុទ្ធជានិច្ច ដើម្បីទទួលបានលទ្ធផលល្អនាការប្រកួតបន្ទាប់ ហើយនាំមកនូវមោទនភាពជូនក្លិប និងអ្នកគាំទ្ររបស់ខ្លួន ក្នុងដំណើរឆ្ពោះទៅប្រកួតប្រជែងពានលីគកំពូលកម្ពុជា ឆ្នាំ២០២១។

បុរសវ័យ ៣៤ឆ្នាំខាងលើបន្ដថា «យើងត្រូវតែមានការទទួលខុសត្រូវ និងបន្តធ្វើការងារឲ្យបានល្អនៅប្រកួតបន្ទាប់។ ពួកយើងនៅមានរឿងជាច្រើនទៀត ដែលយើងត្រូវធ្វើ។ យើងនឹងធ្វើឲ្យគ្រប់គ្នាមានមោទនភាពចំពោះក្លិបនេះ ហើយពួកយើងពិតជារីករាយនឹងការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងអស់។ យើងបន្តឆ្ពោះទៅមុខ និងខិតខំឲ្យល្អប្រសើរ»

សម្រាប់ជំនួបដ៏ជក់ចិត្តល្ងាចមិញ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Lopez Mendy នៅនាទីទី៥ តែភ្លាមៗ កីឡាករ តាំង សុភ័ក្ដ្រ ក៏បានស៊ុតគ្រាប់បាល់តាមស្មើ ១-១ នៅនាទីទី១០។ ចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង គ្រាដែល ឡុង ម៉េងហាង គឺជារកបានគ្រាប់បាល់ជ័យជម្នះឲ្យអង្គរថាយហ្គឺរ នៅនាទី៧០។

បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា ជាមួយកំណត់ត្រាមិនទាន់ស្គាល់ចាញ់ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតបេីកឆាក ឈ្នះ ៥ និងស្មើ ១ រកបាន ១៦ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរលេខរៀងទី៥ និងមាន ៩ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ ៣ និងចាញ់ ២ប្រកួត៕