(កូរ៉េ)៖ ថ្មីៗនេះគេហទំព័រផ្លូវការរបស់ UEFA EURO 2020 បានរៀបចំការបោះឆ្នោតមួយ នៅលើបណ្តាញសង្គម ដើម្បីជ្រើសរើសបទចម្រៀងយកទៅចាក់ នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រ នៃការប្រកួតជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០២០។ ក្នុងចំណោមនោះ បទ «Butter» របស់ BTS បានជាប់លេខ១ ក្នុងចំណោម៤បទផ្សេងទៀត ដែលនឹងត្រូវចាក់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ EURO 2020 នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

បទចម្រៀងដែលត្រូវបាន UEFA EURO 2020 ដាក់ឲ្យអ្នកលេងបណ្តាញសង្គមធ្វើការបោះឆ្នោតនោះ គឺមាន៤បទរួមមាន៖ បទ «Butter» របស់ក្រុម BTS, បទ «Kill My Mind» របស់តារាចម្រៀង Louis Tomlinson, បទ «Bad Guy» របស់ Billie Eilish និងបទ «Yeah» របស់ Usher។

បន្ទាប់ពីបញ្ចប់ការបោះឆ្នោត UEFA EURO 2020 បានប្រកាសជាផ្លូវការថា បទ «Butter» របស់ក្រុម BTS ជាប់លេខ១ ជាមួយមធ្យមភាគ ៤៧ភាគរយៈ ខណៈបទ «Kill My Mind» របស់តារាចម្រៀង Louis Tomlinson ជាប់លេខ២ ជាមួយមធ្យមភាគ ៤៤ភាគរយៈ។ លទ្ធផលនេះ បានបញ្ជាក់ថា បទ «Butter» នឹងត្រូវបានយកទៅចាក់ក្នុងថ្ងៃផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ២០២០ ដែលធ្វើឡើងនៅ Wembley Stadium តែយ៉ាងណាមានអ្នកលេងបណ្តាញសង្គមមួយចំនួន សម្តែងការមិនពេញចិត្តចំពោះលទ្ធផលនោះ ដោយអះអាងថា បទ «Kill My Mind» របស់តារាចម្រៀង Louis Tomlinson ក៏ទទួលបានការបោះឆ្នោតច្រើនដែរ សមតែយកបទ «Kill My Mind» ទៅចាក់។

ហេតុនេះហើយ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA EURO 2020 បានប្រកាសជាផ្លូវការ សម្រេចថានឹងយកចម្រៀងទាំងពីរបទ គឺ «Butter» របស់ក្រុម BTS និង បទ «Kill My Mind» របស់តារាចម្រៀង Louis Tomlinson ចាក់នៅក្នុងថ្ងៃផ្តាច់ព្រ័ត្រ នៃការប្រកួតជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប Euro 2020 ដែលនឹងចូលមកដល់នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ៕