(គូឡាឡាំពួ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) នៅព្រឹកថ្ងៃទី០៧ ខែកក្កដានេះ បានប្រកាសលុបចោលការប្រកួតទាំងអស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍នៃពានរង្វាន់ AFC Cup 2021 ទាំងវគ្គជម្រុះ Play-Off និងវគ្គចែកពូល ដែលមាន ៣ពូល រួមមានពូល G, ពូលH និងពូល I ដោយសារបញ្ហាប្រឈមនៃវិបត្តិកូវីដ-១៩ និងពិបាកស្វែងរកក្រុមទទួលធ្វើម្ចាស់ផ្ទះ ឬទឹកដីកណ្ដាល ដើម្បីរៀបចំការប្រកួត។

ជាមួយការប្រកាសព័ត៌មានដ៏រសើបនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមតំណាងកម្ពុជា ២ក្លិប រួមមានក្លិបបាល់ទាតបឹងកេត និងវិសាខា ដែលត្រូវដឹកដៃគ្នាចូលរួមប្រកួតវគ្គចែកពូល នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីខាងលើ ត្រូវបានខកខានវិញ ពោលគឺក្លិបតំណាងប្រទេសកម្ពុជាទាំងពីរ រួមទាំងក្លិបផ្សេងៗទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមិនបានលេងពានរង្វាន់ AFC Cup 2021 នេះឡើយ។

នេះជាលើកទី២ ហើយ ដែល AFC បានសម្រេចលុបចោលការប្រកួតពានរង្វាន់ AFC Cup ខណៈកាលពីឆ្នាំ២០២០ កន្លងទៅ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ប្រកួតបានពាក់កណ្ដាលទី ក៏ត្រូវបានលុបចោលការប្រកួតដែរ ។ ប៉ុន្ដែពូលផ្សេងៗ ក្រៅពីតំបន់អាស៊ីអាគ្នេយ៍ គឺនៅបន្ដការប្រកួតធម្មតា។ នេះបើតាមការបញ្ជាក់លើគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី។

គួរដឹងថា ក្រុមបឹងកេត គឺស្ថិតក្នុងពូល G ជាមួយក្លិប Hanoi (វៀតណាម), ក្លិប Bali United (ឥណ្ឌូណេស៊ី) និងអ្នកឈ្នះវគ្គជម្រុះរវាង Chanthabouly (ឡាវ) ឬ Kasuka (ព្រុយណេ)។ ចំណែកវិសាខា បន្ទាប់ពី AFC សម្រេចលុបចោលការប្រកួត Play-Off Stage ជាមួយក្រុម Lalenok United ក្រុមទាំងពីរ ក៏ត្រូវបានដំឡើងចូលពូល I ជាមួយក្រុម Terengganu FC (ម៉ាឡេស៊ី) និងក្លិប Geylang International (សិង្ហបុរី)។ ប៉ុន្ដែសោកស្ដាយ ឥលូវនេះការប្រកួតបានលុបចោលបាត់ទៅហើយ៕