(ភ្នំពេញ)៖ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបន្ដជាប់ជម្រើស ១១នាក់ដំបូងជាលើកទី២ ជាមួយការរកបាន ២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចប់ទី (Assist) ១គ្រាប់ជួយឲ្យក្រុមនាគខៀវបឹងកេត យកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន AEU Sport Park នាល្ងាចថ្ងៃទី0៧ ខែកក្កដា ឆ្នាំ២០២១ នេះ។

ជំនួបបង្គ្រប់សប្ដាហ៍ទី២ នេះ ចាន់ វឌ្ឍនាកា បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុននៅនាទី៤៨ និងនាទី៦៩ បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ០-០ នៅវគ្គទី១។ បន្ទាប់កីឡាករ Abee Hurbert ក៏វាយបកបាន ១គ្រាប់វិញឲ្យអាស៊ីអឺរ៉ុបនៅនាទី៧៥។ ប៉ុន្ដែមុនបញ្ចប់ការប្រកួតពេញម៉ោង ចាន់ វឌ្ឍនាកា បានបញ្ជូនបាល់ឲ្យកីឡាករ សេត រ៉ូស៊ីត ស៊ុតបន្ថែម ១គ្រាប់ទៀតដើម្បីធានា ៣ពិន្ទុត្រឡប់ទៅវិញ។

នេះគឺជាលើកទី២ ហើយដែលខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាព ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកលោក គីម ភក្ដី ដាក់ឲ្យលេងក្នុងជម្រើស ១១នាក់ដំបូង និងរកបានគ្រាប់បាល់ច្រើនគ្រាប់ ដ្បិតកាលពីសប្ដាហ៍មុន កីឡាករមានប្រភពពីខេត្តកំពតរូបនេះធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯងជួយឲ្យក្រុមបឹងកេត យកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង ក្នុងលទ្ធផល ៣-១ ដូចគ្នា។

តាមរយៈជ័យជម្នះខាងលើនេះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯកបឹងកេត រកបាន ៩ពិន្ទុ តាមស្មើក្រុមវិសាខា ព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ ៣ និងចាញ់៣ គ្រាដែលក្រុមអាស៊ីអឺរ៉ុប បន្ដឈរលេខ៩ និងរក្សា ៦ពិន្ទុក្នុងដៃជាមួយលទ្ធផល ៦ប្រកួតដូចគ្នា តែឈ្នះ ២ និងចាញ់ ៤ប្រកួត។

ដោយឡែកលទ្ធផល ១ប្រកួតទៀតដែលបានបញ្ចប់ដំណាលគ្នានៅល្ងាចថ្ងៃពុធនេះ គឺក្រុមណាហ្គាវើលដ៏បានយកឈ្នះក្រុមម្ចាស់ផ្ទះនគរបាលជាតិ ដោយលទ្ធផល ៤-០ នៅកីឡដ្ឋាន 7NG។ ជ័យជម្នះនេះនាំឲ្យក្រុមលោក មាស ចាន់ណា ឡើងទៅឈរលេខរៀងទី៣ បណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ ៣ ស្មើ ២ និងចាញ់ ១ រកបាន ១១ពិន្ទុក្នុងដៃ៕