(បារាំង)៖ ក្លិបបាល់ទាត់ Paris St Germain បានចុះកិច្ចសន្យាជាមួយខ្សែការពារអន្តរជាតិ សញ្ជាតិម៉ារ៉ុក កីឡាករ Achraf Hakimi មកពីក្លិប Inter Milan ដែលលេងនៅលីគ Serie A របស់អ៊ីតាលី លើកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយមិនបានបង្ហាញពីតម្លៃខ្លួននោះទេ, នេះបើតាមការឲ្យដឹងពីក្លិបលេងនៅលីគ Ligue 1 របស់បារាំង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ។

កីឡាករវ័យ២២ឆ្នាំ មានដើមកំណើតនៅអេស្ប៉ាញរូបនេះ បានឆ្លងកាត់ការបណ្តុះបណ្តាល នៅសាលាយុវជនរបស់ Real Madrid មុនពេលចូលទៅកាន់ក្រុមរៀមច្បងរបស់ពួកគេ ក្នុងឆ្នាំ២០១៧ និងជាផ្នែកមួយនៃក្រុម ដែលបានឈ្នះនៅលីគ Champions League, UEFA Super Cup និងពានរង្វាន់ FIFA Club World Cup ក្នុងយុទ្ធនាការឆ្នាំ២០១៧-១៨។

ប្រព័ន្ធផ្សព្វផ្សាយបារាំង បានចេញផ្សាយថា ក្លិប PSG បានចំណាយប្រាក់ប្រមាណ៦០លានអឺរ៉ូ (៧១លានដុល្លារអាមេរិក) សម្រាប់ការចុះកិច្ចសន្យា ជាមួយខ្សែការពារផ្នែកខាងស្តាំនេះ។

កីឡាករ Hakimi បានលេងក្នុងលក្ខខណ្ឌកម្ចីជើង ជាមួយនឹងក្លិប Borussia Dortmund របស់អាល្លឺម៉ង់, បានឈ្នះពានរង្វាន់ German Supercup ក្នុងឆ្នាំ២០១៩, មុនពេលចូលរួមជាមួយក្លិប Inter Milan ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់ Serie A កាលពីរដូវកាលមុន។

Hakimi ត្រូវបានជ្រើសចូលលេង ចំនួន៣៦លើក និងបានស៊ុតបញ្ចូលទីចំនួន៤គ្រាប់ ឲ្យក្រុមជម្រើសជាតិម៉ារ៉ុក ចាប់តាំងពីការបង្ហាញខ្លួនរបស់លោក ជាលើកដំបូង នៅក្នុងឆ្នាំ២០១៦៕