(តូក្យូ)៖ ប្រទេសជប៉ុន បាននឹងកំពុងពិចារណា ក្នុងការហាមឃាត់ លើអ្នកគាំទ្រទាំងអស់ សម្រាប់ព្រឹត្តិការណ៍កីឡា Olympic Games, នេះបើតាមប្រភពជាច្រើន បានប្រាប់សារព័ត៌មាន Reuters ចេញផ្សាយនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ស្របពេលដែលមន្ត្រីកំពុងបន្ថែមវិធានការពង្រឹងការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ត្រឹមតែរយៈពេលជាង២សប្តាហ៍ប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍កីឡានេះនឹងត្រូវចាប់ផ្តើម។

មន្ត្រីជំនាញសុខាភិបាល បានលើកឡើងកាលពីប៉ុន្មានសប្តាហ៍មុនថា ការមិនមានអ្នកគាំទ្រ នៅឯព្រឹត្តិការណ៍ Olympics ជាជម្រើសដែលមានហានិភ័យតិចតួច ចំពេលដែលមានការព្រួយបារម្ភជាសាធារណៈ អំពីហានិភ័យ នៅក្នុងព្រឹត្តិការណ៍នេះ ដែលនឹងអាចនាំឲ្យមានការហក់ឡើង នៃចំនួនករណីឆ្លងថ្មី។

អ្នករៀបចំកម្មវិធី បានហាមឃាត់រួចទៅហើយ ចំពោះអ្នកគាំទ្របរទេស ហើយនឹងកំណត់អ្នកទស្សនាក្នុងស្រុក ប្រមាណ៥០ភាគរយ នៃសមត្ថភាពផ្ទុករបស់ទីលានប្រកួត, អាចមានមនុស្សដល់១០.០០០នាក់, ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Tokyo Olympic គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ នៅទីក្រុង Tokyo ប្រទេសជប៉ុន៕