(អាមេរិក)៖ ក្រុមអ្នកច្បាប់ជាន់ខ្ពស់មកពីរដ្ឋ និងស្រុកចំនួន ៣៧ របស់សហរដ្ឋអាមេរិក បានដាក់ពាក្យប្ដឹងក្រុមហ៊ុន Google ដោយ បាន ចោទប្រកាន់ថា ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មយក្សមួយនេះបានរំលោភលើច្បាប់ប្រកួតប្រជែង និងសេចក្ដីទុកចិត្តពាក់ព័ន្ធនឹង សិទ្ធិ និងការ គ្រប់គ្រង់នៅលើ Play Store។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មានពាក្យបណ្ដឹង មួយ ក្នុងចំណោម ពាក្យបណ្ដឹងផ្សេងៗជាច្រើនទៀតបានលើកឡើងថា ក្រុមហ៊ុន Google បានធ្វើការគ្រប់គ្រងទៅលើកម្មវិធី Play Store ហួសហេតុពេក ដោយតម្រូវឱ្យក្រុមអ្នកផលិតកម្មវិធី ឬហ្គេម (App) ធ្វើការប្រើប្រាស់វិធីបង់ប្រាក់តាមរយៈសេវាកម្មរបស់ Google និងបាន ទាមទារយកកម្រៃជើងសារដែលបានមកពីការលក់គ្រប់យ៉ាងនៅលើ Play Store រហូតដល់ ៣០ភាគរយ។

ទង្វើមួយនេះត្រូវបានអ្នកច្បាប់ដែលមកពីរដ្ឋ និងស្រុកទាំងប៉ុន្មានខាងលើបានយល់ឃើញថាវាជាសកម្មភាពខុសច្បាប់ និងបានរំលោភលើ ច្បាប់ប្រកួតប្រជែង និងសេចក្ដីទុកចិត្ត ខណៈដែល Google នៅពេលនេះមិនបានប្រតិកម្ម ឬឆ្លើយតបអ្វីឡើយ។

ប្រភពពីតុលាការបានបន្ថែមទៀតថា ក្រុមហ៊ុន Google មិនបានកៀបសង្កត់ ដល់អ្នកប្រើប្រាស់ Play Store ឡើយ ផ្ទុយទៅវិញគឺបាន ដាក់គំនាបទៅលើក្រុម Developer ជាមួយនឹងលក្ខខណ្ឌដែលពួកគេមិនអាចជ្រើសរើសយកអ្វីផ្សេងបានឡើយ ក្រៅពីការផ្ដល់ឱ្យរបស់ Google។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Google បានរងនូវពាក្យបណ្ដឹងជាច្រើនពាក់ព័ន្ធនឹងករណីរំលោភលើច្បាប់ ប្រកួតប្រជែង និងសេចក្ដីទុកចិត្ត រហូតដល់មានការផាកពិន័យជាប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិកទៀតផង៕