(ភ្នំពេញ)៖ ថ្ងៃឱសានវាទនៃការកំណត់កាលបរិច្ឆេទរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះវៀតណាមបានមកដល់ថ្ងៃហើយ ពោលគឺនៅថ្ងៃទី០៨ ខែកក្កដានេះតែម្តង។ ដូចការគ្រោងទុក ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងបើកកិច្ចប្រជុំតាមអនឡាញនារសៀលនេះ ដើម្បីស្ដាប់ការសម្រេចចិត្តចុងក្រោយរបស់ភាគីវៀតណាម ថាតើស៊ីហ្គេមចុងឆ្នាំនេះ នឹងត្រូវលើកពេល ឬក៏អត់?

បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ រយៈពេល ១៤ថ្ងៃកាលពីថ្មីៗ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលរបស់ខ្លួន ក្នុងការកំណត់សេណារីយ៉ូរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ ថ្ងៃនេះគឺជាថ្ងៃកំណត់ ដែលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តម្រូវឲ្យរដ្ឋាភិបាលទីក្រុងហាណូយ អនុម័តចុងក្រោយអំពីជោគវាសនាស៊ីហ្គេមលើកទឹកដីរបស់ខ្លួន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា វៀតណាមនៅសល់សេណារីយ៉ូ២ សម្រាប់រៀបចំស៊ីហ្គេម លើកទី៣១ ដែលត្រូវសម្រេចចិត្តថ្ងៃនេះ ទី១-រក្សាការប្រកួតនៅដដែលចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ និងទី២-ពន្យារពេលទៅរៀបចំនាខែមេសា ឬខែឧសភា ឆ្នាំ២០២២ វិញ។ រីឯសេណារីយ៉ូទី៣ ដែលវៀតណាមចង់លើកពេលទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ត្រូវបានលុបចោលហើយ។

គួរបញ្ជាក់ថា ថ្ងៃនេះ គឺជាកិច្ចប្រជុំថ្នាក់តំបន់លើកទី៣ ដើម្បីត្រួតពិនិត្យ និងសម្រេចលើសំណើរបស់ម្ចាស់ផ្ទះវៀតណាម ដែលដំបូងឡើយចង់ពន្យារពេលស៊ីហ្គេម ទៅពាក់កណ្ដាលឆ្នាំ២០២២ តែត្រូវបានបណ្ដាប្រទេសអាស៊ានមិនគាំទ្រ។ តែក្រោយមក មានការកែសម្រួលសេណារីយ៉ូ២ ទៀតដែលជាជម្រើសចុងក្រោយរបស់ខ្លួន ទើបទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន ទោះបីប្រទេសភាគច្រើន នៅតែចង់ឲ្យវៀតណាមរក្សាការប្រកួតនៅដដែលច្រើនជាងក៏ដោយ៕