(កូរ៉េ)៖ ខ្សែភាពយន្ត «Be My Dream Family» របស់ស្ថានីយទូរទស្សន៍ដ៏ល្បីមួយប្រចាំកូរ៉េខាងត្បូង KBS ត្រូវបានរាយការណ៍មកថា នឹងត្រូវពន្យារពេលចាក់ផ្សាយ បន្ទាប់ពីរកឃើញសមាជិកម្នាក់ នៃក្រុមសម្តែងមាន វិជ្ជមានកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

ជាក់ស្តែង កាលពីថ្ងៃទី០៧ ម្សិលមិញនេះ ស្ថានីយទូរទស្សន៍ KBS បានចេញសេចក្តីប្រកាសជាផ្លូវការថា មនុស្សម្នាក់ក្នុងចំណោមតារាសម្តែង ក្នុងរឿង «Be My Dream Family» ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានកូវីដ-១៩។ បើតាមប្រភពបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះហើយ ក្រុមការងារផលិតភាពយន្តមួយនេះ បានបញ្ឈប់សកម្មភាពថតភ្លាមៗ និងទៅធ្វើតេស្តរកកូវីដ-១៩តែម្តង។ ជាសំណាងល្អលទ្ធផលបញ្ជាក់ថា ក្រុមការងារទាំងអស់ ដែលមានទំនាក់ទំនងជាមួយអ្នកវិជ្ជមានកូវីដ-១៩ គឺទទួលបានលទ្ធផលអវិជ្ជមាន តែយ៉ាងណាពួកគេតម្រូវឲ្យធ្វើចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាព។

បញ្ហាជំងឺរាតត្បាតកូវីដ-១៩ វាយលុកដល់ក្រុមសម្តែងនៅពេលនេះ បានធ្វើឲ្យរឿង «Be My Dream Family» របស់ KBS មិនអាចចាក់ផ្សាយតាមការកំណត់នោះទេ ពោលបើតាមគម្រោង នឹងត្រូវចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ដល់ថ្ងៃទី២៣ខែកក្កដា ហើយពេលនេះក៏នៅមិនទាន់មានការបញ្ជាក់ ពីការបរិច្ឆេទនៃការចាក់ផ្សាយ ជាថ្មីនៅឡើយទេ៕