(អាមេរិក)៖ លោកស្រី Melinda French Gates អតីតភរិយាកំពូលមហាសេដ្ឋី Bill Gates បានប្រកាសឱ្យដឹងថា លោកស្រីនឹងលាលែងពីការងារនៅក្នុងមូលនិធិ Bill & Melinda Gates Foundation ដែលលោកស្រីជាសហស្ថាបនិក និងបានបង្កើតវាឡើងជាមួយលោក Bill Gates។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ថា លោកស្រី Melinda French Gates មានបំណងចង់លាឈប់ពីតំណែងនៅក្នុងមូលនិធិ Bill & Melinda Gates Foundation ដែលបង្កើតឡើងជា មួយអតីតស្វាមីលោក Bill Gates។

លោកស្រី Melinda French Gates បានបញ្ជាក់ថា លោកស្រីនឹងលាឈប់ បើសិនជានៅក្នុងរយៈពេល២ឆ្នាំទៅមុខទៀត លោកស្រី និងលោក Bill Gates ធ្វើការងារជាមួយមិនចុះសម្រុង ឬមិនអាចធ្វើការងាររួមគ្នាបាន ខណៈដែលកន្លងមក អ្នក ទាំងពីរបានចំណាយពេលវេលាផ្ទាល់ខ្លួនជាច្រើនទៅលើមូលនិធិមួយនេះ ប៉ុន្តែចាប់ពីតាំងពីលែងលះគ្នាមក ការងារផ្សេងៗ ហាក់ដូចជាមិនសូវប្រសើរដូចមុនឡើយ។

មួយវិញទៀត បើសិនជាលោកស្រី Melinda French Gates សម្រេចចិត្តលាឈប់មែននោះ លោក Bill Gates នឹង ផ្ដល់ «ធនធានផ្ទាល់ខ្លួន» ដែលអាចឱ្យលោកស្រីទៅបង្កើតមូលនិធិថ្មីបាន ព្រោះធនធានផ្ទាល់ខ្លួននោះមានទាំងលុយ និងសម្ភារ ។

មូលនិធិ Bill & Melinda Gates Foundation ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០០ ដោយផ្ដោតសំខាន់លើវិស័យ អប់រំ សុខភាព នៅតាមប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះកម្ពុជាក៏ទទួលបាន មូលនិធិនេះផងដែរ ខណៈដែល មូលនិធិនេះ មានទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារ និងបានចំណាយអស់ជាង ៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៩។

លោកស្រី Bill Gates និង Melinda Gates បានប្រកាសលែងលះកាលពីប្រមាណ ២ខែមុននេះ ដោយបញ្ជាក់ថា ពួកគាត់ទាំងពីរនាក់ចំណាយពេលវេលាសម្រាប់គ្រួសារ និងផ្ទាល់ខ្លួន៕