(កូរ៉េ)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-Kyun បានបង្ហោះសារ Twitter អបអរសាទរចំពោះក្រុមចម្រៀងល្បី BTS ចំពោះសមិទ្ធផលថ្មីរបស់ពួកគេ ដោយបទចម្រៀង «Butter» អាចឈរជើងយ៉ាងរឹងមាំ ក្នុងចំណាត់ថ្នាក់លេខ១ រហូតដល់៦សប្តាហ៍ជាប់គ្នា លើតារាង Billboard Hot 100 របស់អាមេរិក។ ក្នុងនោះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រ BTS (Army) ផងដែរ ព្រោះជាចំណែក ជួយបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ K-POP។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-Kyun បានសរសេរសារលើ Twitter យ៉ាងដូច្នេះថា «សមាជិកក្រុម BTS រួមមាន RM, Jin, Suga, J-Hope, Jimin, V, Jungkook ជាយុវជនក្មេងៗ ដែលបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យ K-Pop។ បទថ្មីរបស់ក្រុមដ៏ឆ្នើមមួយនេះ បានជាប់នៅតំណែងកំពូល ប្រចាំតារាង Billboard ដល់ទៅ ៦សប្ដាហ៍ជាប់គ្នា»

លោកសង្កត់ធ្ងន់ថា «ក្នុងនាមជាជនជាតិកូរ៉េមួយរូប ខ្ញុំសូមចូលរួមអបអរសាទរចំពោះអ្នកទាំងអស់គ្នា។ ខ្ញុំក៏ចង់ថ្លែង អំណរគុណ ជាអនេកចំពោះក្រុម ARMY ដែលបានធ្វើឲ្យ BTS ក្លាយជាក្រុមដ៏មានឥទ្ធិពលដូចបច្ចុប្បន្ន»

ក្រុម BTS គឺជាក្រុម K-pop ដំបូងគេដែលបានរក្សាភាពរឹងមាំលើតារា Billboard Hot 100 ហូតបង្កើតបានសមិទ្ធផលដ៏អស្ចារ្យ នៅលើលំដាប់កំពូលនៃតារាង៦សប្តាហ៍ជាប់គ្នា ក្លាយជាក្រុមចម្រៀងរបស់ K-POP និងក្រុមមកពីអាស៉ី ដ៏ពេញនិយមបំផុតនៅសហរដ្ឋអាមេរិក។

គួរជម្រាបថា ជាមួយនឹងសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ក្រុម BTS ដែលទើបទទួលបាននៅពេលនេះ ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយដ៏មានឥទ្ធិពលបន្ថែមទៀត ក្នុងការផ្សព្វផ្សាយវប្បធម៌របស់កូរ៉េ ទៅកាន់ពិភពលោក។ ហេតុនេះហើយ ទើបកន្លងមកមានថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលរបស់កូរ៉េខាងត្បូងជាច្រើន បានចាប់អារម្មណ៍ក្រុម BTS និងបាន កោតសរសើរក្រុមមួយនេះមិនដាច់ពីមាត់ ក្នុងនោះរួមមានទាំង លោក ប្រធានាធិបតី Moon Jae In ហើយពេលនេះ គឺនាយករដ្ឋមន្ត្រីកូរ៉េខាត្បូង លោក Chung Sye-Kyun ផងដែរ៕