(ភ្នំពេញ)៖ ក្លិបបាល់ទាត់សូលទីឡូអង្គរ បានប្រកាសគ្រូបង្វឹកថ្មីជំនួសកៅអីគ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Darren Pomroy ហៅ Charlie ជាផ្លូវការហើយ គឺលោក អ៊ុក សុធី ដែលជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា និងទើបបញ្ចប់បេសកកម្មក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 នៅប្រទេសបារ៉ែនកាលពីថ្មីៗ។

ការបង្ហាញគ្រូថ្មីរបស់ក្លិបលោក Keisuke Honda នេះ ធ្វើឡើងក្រោយ ១សប្ដាហ៍ បន្ទាប់ពីសូលទីឡូអង្គរបានប្រកាសចែកផ្លូវជាមួយលោក Charlie។ ប៉ុន្ដែមុននេះ ១ថ្ងៃគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ក៏បានផ្ញើសារអបអរសាទរ និងជូនពរលោក អ៊ុក សុធី ដែលបានក្លាយជាគ្រូបង្វឹកវ័យក្មេងរបស់កម្ពុជា បានដឹកនាំក្រុមក្នុងក្របខណ្ឌលីគកំពូលកម្ពុជាផងដែរ។

លោក Charlie បានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា «ខ្ញុំសូមជូនពរលោក អ៊ុក សុធី ជួបតែសំណាងល្អក្នុងតួនាទីរបស់គាត់ជាមួយសូលទីឡូអង្គរ។ កីឡាករក្នុងក្រុមទាំងអស់ សុទ្ធតែមានការខិតខំធ្វើការខ្លាំង និងមានទេពកោសល្យ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានឃើញគ្រូបង្វឹកវ័យក្មេងរបស់ខ្មែរ ត្រូវបានផ្តល់ឱកាសបង្ហាញក្នុងលីគកំពូលកម្ពុជា...»

សូមបញ្ជាក់ថា ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះបានសម្រេចចែកផ្លូវជាមួយលោក Charlie ពាក់កណ្ដាលទី បន្ទាប់ពីគ្រូបង្វឹកកម្រិត UEFA A-License រូបនេះបានដឹកនាំចាញ់ ៥ប្រកួតជាប់គ្នា រួមមានចាញ់ក្រុមភ្នំពេញក្រោម ៧-១, ចាញ់ក្រុមកងយោធពលខេមរភូមិន្ទ ៣-០, ចាញ់ខេត្តព្រៃវែង ៦-០, ចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ និងចាញ់ក្រុមបឹងកេត ៣-០ កាលពីថ្មីៗកន្លងទៅ៕