(ប៉ារីស)៖ ក្លិបបាល់ទាត់ Paris Saint Germain របស់បារាំងបានបង្ហាញវត្តមានកីឡាករខ្សែការពារឆ្នើម Sergio Ramos ជាផ្លូវការហើយ ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំដែលផ្ទេរមកពីក្លិបអេស្ប៉ាញ Real Madrid។ នេះបើតាមការប្រកាសដោយ PSG នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

Ramos បានផ្ទេរមកកាន់ទឹកដី Parc des Princes ដោយមិនបង្ហាញតម្លៃខ្លួននោះទេ បន្ទាប់ពីផុតកិច្ចសន្យាជាមួយ Real Madrid ក្នុងឆ្នាំ២០២១ នេះ ហើយក៏មានរយៈពេល ២ឆ្នាំជាមួយក្លិប PSG រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខណៈនេះជាក្លិបអាជីពទី៣ របស់រូបគេ បន្ទាប់ពីចូលមកកាន់ក្លិប Sevilla កាលឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០០៥ មុនផ្ទេរមកាន់ Real Madrid ដែលបានឈ្នះពាន Champions League ៤លើក និងពានលីគ La Liga ៥លើក។

Ramos បានលេងឲ្យក្លិប Real Madrid បានចំនួន ៤៦៩ប្រកួត និងរកបាន ៧២គ្រាប់ ហើយរូបគេក៏ជាខ្សែការពារឆ្នើមលំដាប់ពិភពលោកដែលរកបាន ១០១គ្រាប់ ក្នុងចំណោម ៦៧១ប្រកួត និងជាខ្សែការពារឈ្នះពាន FIFA World Cup 2010 ជាមួយជម្រើសជាតិគោជល់អេស្ប៉ាញ រួមទាំងពាន UEFA Euro នៅឆ្នាំ២០០៨ និងឆ្នាំ២០១២។

ខ្សែការពាររូបនេះ ក៏បានលើកឡើងថាក្រោយចុះកិច្ចសន្យារួច «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមជាក្លិប PSG ហើយជាការផ្លាស់ប្តូរធំមួយសម្រាប់ជីវិតខ្ញុំ និងជាការប្រឈមថ្មីដែលមិនអាចបំភ្លេចបាន ដែលជាក្លិបសំបូរកីឡាករល្អៗច្រើន ដោយសង្ឃឹមថា នឹងជួយក្លិបឈ្នះពានតាមដែលអាចធ្វើទៅបាន»