(អឺរ៉ុប)៖ គណៈកម្មការអឺរ៉ុប (EU) បានធ្វើការផាកពិន័យក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ BMW និង Volkswagen នូវទឹកប្រាក់ ៨៧៥លានអឺរ៉ូ ពីបទល្មើសនឹងច្បាប់ EU ដោយបានឃុបឃិតគ្នារារាំងការដាក់ ពង្រាយ និងប្រើប្រាស់នូវបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័យពុល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន ផលិតរថយន្តរបស់អាល្លឺម៉ង់ធំៗមានដូចជា BMW និង Volkswagen ព្រមទាំងក្រុមហ៊ុនចំនួន ៣ទៀត គឺ Daimler, Audi និង Porsche សុទ្ធតែបានបំពាក់នូវបច្ចេកវិទ្យាបកាត់បន្ថយការ បំភាយឧស្ម័នពុលនៅក្នុង កម្រិតស្ដង់ដារ មួយរបស់អឺរ៉ុប ប៉ុន្តែ ក្រុមហ៊ុន ទាំងនេះ បាន ឃុបឃិតគ្នា មិនគោរពទៅតាមស្ដង់ដារ។

តំណាង EU បានប្រកាសឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តទាំងប៉ុន្មានខាងលើនេះគឺមានសិទ្ធិប្ដឹងតវ៉ាបាន ប៉ុន្តែត្រូវបង្ហាញ ភស្ដុតាំងដើម្បីបញ្ជាក់ពីការពិតផង ខណៈដែល EU បានប្រមូលភស្ដុតាង និងស៊ើបអង្កេតចប់សព្វគ្រប់ហើយ ដោយ បានរកឃើញថា ក្រុមហ៊ុនទាំងនេះពិតជាបានបំពានច្បាប់ប្រឆាំងនឹងសេចក្តីទុកចិត្ត។

គួរបញ្ជាក់ផងដែរថា Volkswagen Group បច្ចុប្បន្នគឺជាតំណាងចែកចាយ និងលក់រថយន្តល្បីៗរបស់ អាល្លឺម៉ង់ជាច្រើន ដូចជា Audi , Porsche , Bentley, Bugatti និង Lamborghini ជាដើម ដោយកាលពីឆ្នាំ២០២០ រកចំណូលបានជាង ២២២ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធជាង ៨ពាន់លានដុល្លារអាមេរិក៕