(ក្រុងឡុងដ៍)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ឬហៅកាត់ថា UEFA បានប្រកាសបើកការស៉ើបអង្កេតលើក្រុមជម្រើសជាតិអង់គ្លេស ករណីដែលមានភ្លើងឡាស៊ែពណ៌ប៉ៃតង ចាំងទៅលើមុខ និងភ្នែកអ្នកចាំទីជម្រើសជាតិដាណឺម៉ាក អំឡុងពេលកីឡាករ Harry Kane ទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រមិនបានសម្រេច ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ Euro 2020 ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Goal នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ UEFA បានប្រកាសថា នីតិវិធីវិន័យត្រូវបានបើកទ្វារប្រឆាំងនឹងក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីមានភ្លើងឡាស៊ែ (Laser Pointer) ដែលប្រើដោយអ្នកគាំទ្រខ្លួន បាញ់ទៅលើអ្នកចាំទីដាណឺម៉ាក ហើយនេះជាចំណុចដែលស្ថិតនៅក្នុងបញ្ជីពិន័យ។ អង់គ្លេស ក៏ប្រឈមនឹងការពិន័យដែរ ពាក់ព័ន្ធនឹងអ្នកគាំទ្របង្កសំឡេងរំខាន ពេលគោរពភ្លេងជាតិដាណឺម៉ាក និងការដុតកាំជ្រួចផ្តេសផ្តាស។

សូមជម្រាបថា Kasper Schmeichel ដែលជាកីឡាករចាំទីក្រុមជម្រើសជាតិដាណឺម៉ាក ត្រូវបានអ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះអង់គ្លេស បាញ់ភ្លើងឡាស៊ែដាក់ភ្នែក អំឡុងពេលកីឡាករ Harry Kane ទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រមិនបានសម្រេច ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ Euro 2020 ដែលបានធ្វើឡើងនៅឯកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៖០០ (ម៉ោងនៅកម្ពុជា)។

យោងតាមការផ្សាយដោយសារព័ត៌មាន Talk Sports របស់អង់គ្លេសចេញផ្សាយថា មានរូបថតជាច្រើនបង្ហាញឲ្យឃើញអ្នកគាំទ្រអង់គ្លេស បាញ់ភ្លើងឡាស៊ែពណ៌បៃតងទៅលើអ្នកចាំទីដាណឺម៉ាក Kasper Schmeichel គ្រាដែលគាត់ព្យាយាមសង្គ្រោះបាល់ ១១ម៉ែត្ររបស់ប្រធានក្រុមអង់គ្លេស Harry Kane នៅម៉ោងបន្ថែម។ យ៉ាងនេះក្តីខ្សែប្រយុទ្ធមកពីក្លិប Tottenham Hotspur រូបនោះមិនបានទាត់បាល់ ១១ម៉ែត្រនោះ ចូលទីរបស់ដាណឺម៉ាកឡើយ ដោយថែមជើងទី២ ក្រោយ Schmeichel ចាប់ក្រឡកនោះទេ។

ចំពោះការប្រកួតដ៏ស្វិតស្វាញខាងលើនេះ អង់គ្លេសបានយកឈ្នះដាណឺម៉ាកក្នុងលទ្ធផល ២ទល់នឹង១ ក្នុងនាទីបន្ថែម ១៥នាទី ចំនួន ២ដង ដើម្បីឡើងទៅជួបអ៉ីតាលីនៅវគ្គផ្តាច់ព្រ័ត្រប្រជែងយកពាន Euro 2020។ នេះជាពេលវេលាដែលតោកំណាចអង់គ្លេស ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានធំជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

គួរជម្រាបថា ជំនួបបិទបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃពុធឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ផ្ទះអង់គ្លេស បានរបូតគ្រាប់ទី១ ហើយនៅយុទ្ធនាការ Euro 2020 លើកទី១៦ នេះពីការស៊ុតបានសម្រេចរបស់កីឡាករ Mikkel Damsgaard នៅនាទី៣០ ដោយបាល់ពិន័យ free kick មុនពេលមិត្តរួមក្រុម Simon Kjaer ដែលជាប្រធានក្រុមផងនោះ បានធ្វេសប្រហែសចូលទីខ្លួនឯងនៅ ៩នាទីបន្ទាប់មុនបញ្ចប់វគ្គទី១ នៅមុខអ្នកទស្សនាជាង ៦ម៉ឹននាក់។

ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី នៅមុនពេលខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់ជ័យជម្នះដែលជាបាល់សល់ ក្រោយពីស៊ុតបាល់ ១១ម៉ែត្រមិនបានសម្រេចក្នុងនាទី១០៤ នៃម៉ោងថែម ១៥នាទី ២ដងនោះ។

ដូច្នេះអង់គ្លេសបានបញ្ចប់រយៈពេលរង់ចាំអស់ ៥៥ឆ្នាំ ក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រជាថ្មី ដែលត្រូវប៉ះអាសូរីអ៉ីតាលី ដែលបានទម្លាក់អតីតម្ចាស់ជើងឯកពាន Euro ៣សម័យកាលអេស្ប៉ាញដោយលទ្ធផល ៤-២ ដោយបាល់ ១១ម៉ែត្រ៕