(ភ្នំពេញ)៖ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កីឡាករ Valeriy Hryshyn បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីសម្រាកព្យាបាលមួយរយៈនៅអគារវិមានពិភពថ្មី-សែនសុខកាលពីថ្មីៗ។ ក្រោយជាសះស្បើយ និងបញ្ចប់ការធ្វើចត្ដាឡីស័ក Valeriy បានថ្លែងអំណរគុណជាខ្លាំងចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ទោះបីខ្លួនមិនត្រូវការជំនួយពីគ្រូពេទ្យ អំឡុងពេលព្យាបាលក៏ដោយ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិ U21 អ៊ុយក្រែនខាងលើបញ្ជាក់ថា បច្ចុប្បន្នសុខភាពរបស់ខ្លួនបានត្រឡប់មកធម្មតាវិញហើយ។ ប៉ុន្ដែអំឡុងពេលសម្រាកព្យាបាល ៥ថ្ងៃ ពិតជាមានការលំបាកសម្រាប់ខ្លួន ដោយសារ Valeriy មានបញ្ហាផ្ដាសាយខ្លាំង។ បន្ទាប់មករូបគេក៏មានអារម្មណ៍ល្អប្រសើរឡើង ហើយចាប់ផ្ដើមធ្វើលំហាត់ប្រាណជាមួយឧបករណ៍ដែលរូបគេបានដាក់ជាប់ខ្លួន ក្នុងបរិវេណដែលមានទីធ្លាធំទូលាយនៃមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលខាងលើ។

Valeriy បានបញ្ជាក់ថា «បើនិយាយពីចំណីអាហារនៅទីនោះវិញ វាគឺជាអាហារខ្មែរ សម្រាប់ខ្ញុំពេលខ្លះវាហាក់បីដូចជាហិរបន្ដិច ប៉ុន្ដែវាមិនអីទេ។ បើនិយាយអំពីពេទ្យវិញ គឺខ្ញុំអរគុណខ្លាំងណាស់សម្រាប់ការមើលថែអ្នកជំងឺ ជាក់ស្ដែងសម្រាប់ខ្ញុំ ខ្ញុំមិនគិតថាខ្ញុំឈឺធ្ងន់នោះទេ អញ្ចឹងហើយខ្ញុំមិនបានហៅគ្រូពេទ្យមកទេ។ ប៉ុន្ដែសម្រាប់អ្នកដែលត្រូវការពេទ្យ ឬអ្នកដែលឈឺធ្ងន់នោះ គឺគេចុចប៉ូតុងហៅគ្រូពេទ្យ ពេលនោះពេទ្យក៏បានមកដល់ហើយ ជាពិសេសក្នុងពេលដែលពួកគេពិបាក ប៉ុន្ដែសម្រាប់ខ្ញុំ គឺមិនអីទេ»

ទន្ទឹមជាមួយគ្នា ខ្សែប្រយុទ្ធរកបាន ២គ្រាប់ជួយភ្នំពេញក្រោន កាន់កំណត់ត្រាឈ្នះ ៤ប្រកួតជាប់គ្នាក្នុងរដូវកាលថ្មីដដែលបន្ថែមថា «ជាដំបូងខ្ញុំសូមអរគុណដល់ក្រុមគ្រូពេទ្យ ហើយខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់លោកប្រធានក្លិប (ឬទ្ធី សំណាង) និងក្រុមការងារក្លិប ពួកគេគឺជួយខ្ញុំច្រើនណាស់។ ពួកគេបានជួយខ្ញុំនៅពេលខ្ញុំលំបាកនេះ ពួកគាត់បានផ្ដល់អ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ។ សាររបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នានោះ គឺកូវីដជាជំងឺដ៏កាចសាហាវសម្រាប់អ្នកទាំងអស់គ្នា ថែរក្សាសុខភាពខ្លួនឯង និងអ្នកជុំវិញខ្លួនឲ្យបានល្អ»

គួរដឹងថា Valeriy Hryshyn គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតរបស់ក្លិបភ្នំពេញក្រោន ដែលបានតេស្ដវិជ្ជមានកូវីដ-១៩ កាលពីថ្មីៗ រហូតក្លិបនេះ ត្រូវបានដកសិទ្ធិពីការប្រកួតពានរង្វាន់ League Cup 2021 និងលើកការប្រកួតមួយចំនួនក្នុងលីគកំពូលកម្ពុជាទៀតផង។ ប៉ុន្ដែចុងសប្ដាហ៍នេះ ភ្នំពេញក្រោននឹងត្រឡប់មកវិញ ជាមួយការប្រកួតទី៥ របស់ខ្លួន នៅក្នុងសប្ដាហ៍ទី៧ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះនគរបាលជាតិ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅកីឡដ្ឋាន 7NG៕