(ក្រុងឡុងដ៍)៖ សំបុត្រសម្រាប់ចូលទស្សនាវគ្គផ្តាច់ព្រ័ត្រពានជើងឯកអឺរ៉ុប Euro 2020 រវាងតោកំណាចអង់គ្លេស ទល់នឹងអាសូរីអ៉ីតាលី ត្រូវបានសហព័ន្ធ UEFA លក់អស់ហើយកាលពីសប្តាហ៍មុន ដ្បិតតម្លៃទាបបំផុត ២៩៥ផោន ស្មើនឹង ៤០៦ដុល្លារក្នុង ១សន្លឹក។

តែយ៉ាងណា សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបខាងលើនេះ មិនបានបញ្ជាក់ពីចំនួនសំបុត្រដែលបានលក់ចេញ និងតម្លៃខ្ពស់បំផុតឲ្យ Daily Mail ដឹងនោះឡើយ។

ដូចគ្នានោះដែរ ពហុកីឡដ្ឋាន Wembley ដែលមានសមត្ថភាពផ្ទុកអ្នកគាំទ្រសរុបដល់ទៅជាង ៩០,០០០នាក់ដែលត្រូវបានសាងសង់ឡើងកាលឆ្នាំ២០០២ នោះ ត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកចូលទស្សនាសរុបប្រមាណ ៦៧៥០០នាក់ប៉ុណ្ណោះ។

ប្រជាជនអង់គ្លេសជាច្រើននាក់បានសម្រុកទៅទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រតាមគេហទំព័រផ្សេងៗផងដែរ នៅពេលដឹងថា អង់គ្លេសឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ក្រោយរង់ចាំអស់ ៥៥ឆ្នាំមកនេះ គ្រាដែល UEFA ក៏បានធ្វើការព្រមានពីការកើនឡើងនៃសំបុត្រចូលទស្សនានេះដែរ និងត្រៀមបដិសេធមិនឲ្យចូលកីឡដ្ឋានទៀតផង បើទោះបីជាមានសំបុត្រក៏ដោយ៕