(បារាំង)៖ ប៉ូលីសទីក្រុងប៉ារីស នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានធ្វើការឃាត់ខ្លួនតារាចម្រៀងរ៉េបល្បីឈ្មោះមួយរូបរបស់អាមេរិក គឺលោក Lil Baby ជុំវិញករណីរក្សាទុកសារធាតុញៀនខុសច្បាប់។ នេះបើតាមសំដីរបស់ប៉ូលីសទីក្រុងប៉ារីស ថ្លែងប្រាប់កាសែតក្នុងស្រុក ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

ប្រភពបានឲ្យដឹងថា អំឡុងពេលតារារ៉េប Lil Baby ត្រូវបានប៉ូលីសឃាត់ខ្លួននោះ កីឡាបាល់បោះ លោក James Harden ក៏បាននៅទីនោះដែរ ខណៈអ្នកទាំងពីរបានទៅបារាំង ដើម្បីចូលរួមកម្មវិធី «Feshion Week» ហើយ Lil Baby ដែលមានឈ្មោះពិតថា Dominique Jones កំពុងនៅកន្លែងចតរថយន្ត ជាទីតាំងដែលមានធំក្លិនកញ្ឆា។

អំឡុងប្រតិបត្តិការស្រាវជ្រាវ កញ្ឆាចំនួន២០ក្រាម ត្រូវបានរកឃើញនៅក្នុងរថយន្ត។ នេះបើតាមការចុះផ្សាយពីកាសែតបារាំង Le Parisien។ ភ្លាមនោះ តារារ៉េប Lil Baby ត្រូវបានបញ្ចូនទៅកាន់ប៉ុស្តិ៍ប៉ូលីសក្បែរនោះ ដើម្បីស៉ើបសួរ និងបន្តនីតិវិធី។

គួរជម្រាបថា តារាចម្រៀងរ៉េប Lil Baby ត្រូវបានគេដឹងថា ជាសមាជិកនៃចលនាប្រឆាំងការរើសអើងពណ៌សម្បុរនៅអាមេរិក «Black Lives Matter» ផងដែរ។ បន្ថែមពីនេះ លោកគឺជាតារាចម្រៀងមួយរូប ដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Grammy Music Award ដល់ទៅ២លើក កាលពីឆ្នាំ២០២០ សម្រាប់ «The Bigger Picture» ទៀងផង៕