(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) បានពិន័យទៅលើអង់គ្លេស ចំនួន ៣ករណីផ្សេងគ្នា គឺពាក់ព័ន្ធនឹងករណីដែល អ្នកគាំទ្ររបស់ខ្លួនបាញ់ឡាស៊ែ ដាក់មុខអ្នកចាំទីដាណឺម៉ាក ពេលចាប់បាល់ ១១ម៉ែត្រ, ការបង្កសំឡេងរំខានពេលគោរពភ្លេងជាតិដាណឺម៉ាក និងការដុតកាំជ្រួចផ្តេសផ្តាស។

អ្នកគាំទ្ររបស់អង់គ្លេស បានប្រព្រឹត្តករណីគួរឲ្យអៀនខ្មាសទាំង ៣ខាងលើនេះ នៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 រវាងអង់គ្លេស និងដាណឺម៉ាក ដែលបានធ្វើឡើងនារាត្រីថ្ងៃពុធ ឆ្លងចូលថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៖០០ (ម៉ោងនៅកម្ពុជា)។

បណ្តាញសារព័ត៌មានធំៗលើពិភពលោក បានផ្សាយចេញថា មានរូបភាពជាច្រើនបង្ហាញពីភ្លើងឡាស៊ែពណ៌ប៉ៃតង បាញ់ចំមុខ និងភ្នែករបស់ Schmeichel ដែលជាអ្នកចាំទីដាណឺម៉ាក។ វាកើតឡើងនៅពេលដែលកីឡាករអង់គ្លេស Harry Kane រៀបចំទាត់បាល់ពិន័យ ១១ម៉ែត្រ ប៉ុន្តែត្រូវបានអ្នកចាំទីដាណឺម៉ាក សង្គ្រោះបានវិញ។ ទោះជាយ៉ាងនេះក្តី Kane បានបំប៉ោងសំណាញ់ទីដាណឺម៉ាក នៅម៉ោងបន្ថែម ១៥នាទី ២ដង ជួយឲ្យអង់គ្លេសឡើងទៅវគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ ពានរង្វាន់ Euro 2020 ដែលត្រូវជួបជាមួយអ៉ីតាលី។

ឥឡូវនេះ UEFA បានសម្រេចពិន័យអង់គ្លេស ដោយអនុលោមតាមមាត្រា ១៦(២)(d) នៃបទប្បញ្ញត្តិវិន័យ។

* តើអង់គ្លេសត្រូវរងការពិន័យអ្វីទៀត?
UEFA ថែមទាំងពិន័យអង់គ្លេស សម្រាប់ករណីដែលបង្កសំឡេងរំខាន ដោយអ្នកគាំទ្រខ្លួន អំឡុងពេលគោរពភ្លេងជាតិដាណឺម៉ាក កាលពីរាត្រីថ្ងៃពុធ។ លើសពីនេះ អង់គ្លេសក៏ត្រូវទទួលពិន័យ ករណីដែលអ្នកគាំទ្រដុតកាំជ្រួចផ្តេសផ្តាស ដើម្បីអបអរជ័យជម្នះគ្រាប់បាល់។

* តើអង់គ្លេសអាចត្រូវរងទណ្ឌកម្មអ្វីខ្លះ?
យោងតាមច្បាប់ UEFA អាចពិន័យអង់គ្លេស ជាមួយនឹងទឹកប្រាក់ ៨,០០០អឺរ៉ូ ករណីបាញ់ភ្លើងឡាស៊ែ។ បន្ថែមលើនេះ អង់គ្លេសអាចនឹងត្រូវពិន័យ ៥០០អឺរ៉ូ ចំពោះការដុតកាំជ្រួចមួយ។

* ព្រឹត្តិការណ៍រវាងដាណឺម៉ាក និងអង់គ្លេស
ចំពោះការប្រកួតដ៏ស្វិតស្វាញខាងលើនេះ អង់គ្លេសបានយកឈ្នះដាណឺម៉ាកក្នុងលទ្ធផល ២ទល់នឹង១ ក្នុងនាទីបន្ថែម ១៥នាទី ចំនួន ២ដង ដើម្បីឡើងទៅជួបអ៉ីតាលីនៅវគ្គផ្តាច់ព្រ័ត្រប្រជែងយកពាន Euro 2020។ នេះជាពេលវេលាដែលតោកំណាចអង់គ្លេស ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានធំជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

ជំនួបបិទបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម្ចាស់ផ្ទះអង់គ្លេស បានរបូតគ្រាប់ទី១ ពីការស៊ុតបានសម្រេចរបស់កីឡាករ Mikkel Damsgaard នៅនាទី៣០ ដោយបាល់ពិន័យ free kick មុនពេលមិត្តរួមក្រុម Simon Kjaer ដែលជាប្រធានក្រុមផងនោះ បានធ្វេសប្រហែសចូលទីខ្លួនឯងនៅ ៩នាទីបន្ទាប់មុនបញ្ចប់វគ្គទី១ នៅមុខអ្នកទស្សនាជាង ៦ម៉ឹននាក់។

ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី នៅមុនពេលខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់ជ័យជម្នះដែលជាបាល់សល់ ក្រោយពីស៊ុតបាល់ ១១ម៉ែត្រមិនបានសម្រេចក្នុងនាទី១០៤ នៃម៉ោងថែម ១៥នាទី ២ដងនោះ។

ដូច្នេះអង់គ្លេសបានបញ្ចប់រយៈពេលរង់ចាំអស់ ៥៥ឆ្នាំ ក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រជាថ្មី ដែលត្រូវប៉ះអាសូរីអ៉ីតាលី ដែលបានទម្លាក់អតីតម្ចាស់ជើងឯកពាន Euro ៣សម័យកាលអេស្ប៉ាញដោយលទ្ធផល ៤-២ ដោយបាល់ ១១ម៉ែត្រ៕