(ភ្នំពេញ)៖ ការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនគោលដៅត្រួតពិនិត្យចរាចរណ៍ និងកន្លែងធ្វើចត្តាឡីស័កនៅទូទាំងប្រទេសសម្រាប់ខែទី ៥ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមហើយកាលពីដើមខែកក្កដា ឆ្នាំ២០២១។

នេះជាការបរិច្ចាគប្រចាំខែដែលបានចាប់ផ្តើមកាលពីខែមីនា កន្លងមក ហើយគ្រោងបន្តរហូតដល់ខែធ្នូ ឆ្នាំ២០២១ ដើម្បីចូលរួមសម្រាលការលំបាក និងលើកទឹកចិត្តនគរបាលចរាចរណ៍ព្រមទាំងកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅគោលដៅចំនួន ១៩៤ គោលដៅ។

សម្រាប់សប្តាហ៍ទីមួយនៃខែកក្កដា នេះដែរ ក្រុមហ៊ុនបានឧបត្ថម្ភដល់គោលដៅក្នុងរាជធានីនិងខេត្តចំនួន២ រួមមាន ភ្នំពេញ និងខេត្តក្រចេះ ហើយនឹងបន្តបរិច្ចាគនៅតាមគោលដៅក្នុងខេត្តផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការបរិច្ចាគខាងលើ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏បានឧបត្ថម្ភ ទឹក បរិសុទ្ធ កម្ពុជា និងភេសជ្ជៈប្រមាណ ជាង ២ ម៉ឺនកេស ជូន ស្ថាប័នផ្សេងៗដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕